(ពោធិ៍សាត់)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងដៃគូរអភិវឌ្ឍន៍គម្រោង ធនធានជលផលតាមវាលស្រែ នៃកម្មវិធីសន្តិសុខស្បៀង សម្រាប់អនាគតនៅកម្ពុជា បានសហការជាមួយអង្គការអភិវឌ្ឍន៍នារីខ្មែរ ក្រោមជំនួយរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ តាមរយៈអង្គការវើលហ្វីសប្រចាំនៅកម្ពុជា បានរៀបចំសិក្ខាសាលា ឆ្លុះបញ្ចាំងការអនុវត្តផែនការ គ្រប់គ្រងប្រព័ន្ធជលផលតាមវាលស្រែ។

បើតាមលោកស្រី ឡូវ សំណាន នាយិកាអង្គការអភិវឌ្ឍន៍នារីខ្មែរ ខេត្តពោធិ៍សាត់ និងកញ្ញា អ៊ូ ពេជ្រហុង ប្រធានអង្គការវើលហ្វីស ប្រចាំនៅកម្ពុជា បានថ្លែងថា សិក្ខាសាលាដែលមានរយៈពេល២ថ្ងៃនេះ ដើម្បីផ្តល់ឱកាសជូនដល់តំណាង សហគមន៍ស្រះជម្រកត្រី ចំនួន៣៣កន្លែង ស្ថិតក្នុងតំបន់គោលដៅទទួលនូវការចែករំលែកបទពិសោធន៍ល្អៗ ក្នុងការអនុវត្តផែនការ ឆ្លុះបញ្ចាំង កែលម្អការគ្រប់គ្រងស្រះជម្រកត្រីសហគមន៍ និងបង្កើនកិច្ចសហការជា មួយស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ផ្សេងៗ ព្រមទាំងពិគ្រោះយោបល់រៀបចំជាផែនការសម្រាប់អនុវត្តឆ្នាំ២០២០។

ជាមួយគ្នានោះបានដាក់ចេញនូវផែនការសកម្មភាពចំនួន៥ក្នុងនោះ ទី១៖ រចនាសម្ព័ន្ធគ្រប់គ្រង, ទី២៖ ការធ្វើផែនការ, ទី៣៖ ទំនាក់ទំនងនិងកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ, ទី៤៖ ការគៀងគររកធនធាន និង៥៖ ការចូលរួមរបស់ស្ត្រី។

លោក ចេង ឡៃ អភិបាលរងខេត្ត បានលើកឡើងថា សិក្ខាសាលានេះពិនិត្យឃើញថា មានទាំងព្រះសង្ឃ អាជ្ញាធរ ស្រុក ក្រុង ឃុំ សង្កាត់ ភូមិ គណៈកម្មការស្រះជម្រកត្រី និងមន្ទីរពាក់ព័ន្ធបាននិមន្ត និងអញ្ជើញចូលរួមដើម្បីទទួលយកនូវបទពិសោធន៍ និងផែនការ សម្រាប់អនុវត្តឆ្នាំ២០២០ បន្តទៅទៀត។ ជាការពិតណាស់ថា ត្រីជាអាហា ចាំបាច់សម្រាប់មនុស្សសត្វ ដែលមាននៅតាមបឹងបួរ ស្ទឹង ប្រឡាយ ព្រែកជាដើម។

ដោយសារតម្រូវការច្រើនលើសលុប គួបផ្សំជាមួយ ការប្រែប្រួលអាកាសធាតុ ពិសេសការលបលួចប្រើប្រាស់ឧបករណ៍ ខុសច្បាប់ផងនោះ ដែលនាំឲ្យមានការប៉ះពាល់ដល់ការពងកូនរបស់ត្រី បានធ្វើឲ្យបរិមាណត្រីនៅតាមបឹងបួរ ស្ទឹង ព្រែក អូរ ប្រឡាយមាន ការថយចុះ គួរឲ្យកត់សំគាល់។ ដូច្នេះដើម្បីកាត់បន្ថយនៃការបាត់បង់ត្រី និងជួយសម្រួលដល់ជីវភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋនោះ យើងត្រូវតែរួមគ្នារក្សាការពារ និងអភិរក្សធនធានជលផល ហើយត្រូវធ្វើឲ្យមានទីជម្រកត្រីសមរម្យ និងមានសុខសាន្តនៅតាមវាលស្រែ បឹងបួរ ប្រឡាយ ស្ទឹង ត្រពាំង ស្រះ។

លោកបានថ្លែងទៀតថា នូវរាល់ការលុបបំបាត់បទល្មើសនេសាទ គឺជាភារកិច្ចរបស់យើងទាំងអស់គ្នា មិនមែនតែជំនាញមន្ត្រីជលផល តែមួយនោះទេ គឺទាំងអាជ្ញាធរ ស្រុក ក្រុង ឃុំ សង្កាត់ សហគមន៍ព្រះសង្ឃ ប្រជានេសាទ និងកងកម្លាំងប្រដាប់អាវុធត្រូវរួមសហការគ្នា ធ្វើយ៉ាងណាសម្រេចឲ្យ បានជោគជ័យ ក្នុងការស្តាឡើងវិញ លើវិស័យជលផល ស្របតាមយុទ្ធសាស្ត្រទូទាំងប្រទេស គឺធ្វើយ៉ាងណាសម្រេចឲ្យបាន១២០០ស្រះជម្រកត្រី ក្នុងតំណាច់ឆ្នាំ២០១៩។ ក្នុងនាមរដ្ឋបាលខេត្តលោកក៏បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយ និងសូមឲ្យអស់លោក លោកស្រី យកចិត្តទុកដាក់ស្វែងយល់ និងចូលរួមគាំទ្រគម្រោង បង្កើនធនធានជលផល រយៈពេល៥ឆ្នាំនៅក្នុងខេត្ត ទទួលបានជោគជ័យ។

នៅក្នុងខណៈនោះអង្គការអភិវឌ្ឍននារីខ្មែរ ក៏បានប្រគល់ជូន លិខិតសរសើរ អមដោយរង្វាន់ជាថវិកា ដល់សហគមន៍ស្រះជម្រកត្រី ចំនួន៥ ដែលក្រុមការងារវាយតម្លៃ មានស្នាដៃល្អ រួមមានចំណាត់ថ្នាក់លេខ១ ស្រះជម្រកត្រីសហគមន៍ដំណាក់ក្រាញ់ បឹងកំពែង ត្រាំពែរ វត្តកំប៉ាង និងបឹងព្រះចំបក់៕