(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការជាតិកម្ពុជា បានថ្លែងឱ្យដឹងថា សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តី ក្រសួងការពារជាតិអាស៊ាន (ADMM Retreat) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក លើកទី០៦ (6th ADMM Plus) នៅប្រទេសថៃ មកនេះ គឺផ្តោតសំខាន់លើការប្រឆាំងភេរវកម្ម និងការថែរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់។

ការថ្លែងឱ្យដឹងបែបនេះរបស់សម្តេចពិជ័យសេនា ប្រមុខការពារជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពីសម្តេចបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិ ត្រឡប់ពីចូលរួមកិច្ច ប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក លើកទី៦ នៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទីចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

សម្តេចពិជ័យសេនា បានបន្តថា កិច្ចប្រជុំនេះ មានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិអាស៊ានទាំង១០ និងរដ្ឋមន្ត្រីការពារជាតិ ប្រទេសបូកដូចជា៖ ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្រ្តាលី ញូហ្ស៊េឡែន ឥណ្ឌា សហព័ន្ធរុស្ស៊ី និងសហរដ្ឋអាមេរិកជាដើមនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា វាជាកិច្ចការដ៏សំខាន់ នៃកិច្ចប្រជុំ គឺបានលើកយកមកពិភាក្សាគ្នា រយៈពេលប៉ុន្មានថ្ងៃមកនេះ គឺពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការទប់ស្កាត់អំពើភេរវកម្ម និងបញ្ហាជាច្រើនទៀត ដូចអ្វីដែលកិច្ចប្រជុំបានធ្វើនាឆ្នាំកន្លងទៅ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា៖ «ជាទូទៅ អាចនិយាយបានថា ប្រទេសមួយណា ក៏ដូចប្រទេសមួយណាដែល គឺសុទ្ធសឹងផ្តោតអារម្មណ៍ដ៏សំខាន់ គឺចាត់ទុកថាភារកិច្ចមួយដែលធានានូវសន្តិសុខក្នុងតំបន់ ទាំងក្នុងពិភពលោក គឺគោលធំបំផុត រកវិធីគ្រប់បែបយ៉ាង ដើម្បីទប់ទល់ជាមួយនឹងភេរវកម្ម វាជាបញ្ហាស្នូលទាំងអស់មិនថាទីណា ឬទៅណានោះទេ គឺគ្មានអ្នកណាភ្លេចបាននោះទេ»

ថ្លែងបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រលានយន្តហោះ សម្តេចពិជ័យសេនា ទៀ បាញ់ បន្ថែមទៀតឱ្យដឹងថា ក្នុងឱកាសចូលរួមកិច្ចប្រជុំនៅប្រទេសថៃនេះ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទកម្ពុជា ក៏បានជួបពិភាក្សាការងារជាមួយឧបការី របស់សហរដ្ឋអាមេរិកផងដែរ។

ក្រៅពីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជួបពិភាក្សាការងារជាមួយបណ្តា ប្រទេសជាមិត្តមួយចំនួន នៅក្នុងតំបន់អាស៊ាន និងតំបន់អាហ្វ្រិកកណ្តាល ដែលកិច្ចជំនួបនោះ គឺភាគច្រើន ផ្តោតលើកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយកម្ពុជា៕