(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ និងប្រតិភូឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំនៅកម្ពុជា បានជួបពិភាក្សាស្វែងយល់ការងារ មួយចំនួននៅក្នុងខេត្ត។ ជំនួបនេះ បានធ្វើឡើងនៅសាលប្រជុំសាល ខេត្តបាត់ដំបង។

ភាគីខេត្តបាត់ដំបង ដឹកនាំដោយលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត តំណាងឲ្យលោក ងួន រតនៈ អភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរជំនាញមួយចំនួនទៀត ចំពោះភាគីប្រតិភូឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដឹកនាំដោយលោក W.Patrick Murphy និងសហការីចូលរួមផងដែរ។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត បានសម្តែង និងស្វាគមន៍ដល់ប្រតិភូឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំនៅកម្ពុជា ដោយបានបញ្ជាក់ពីលក្ខណៈភូមិសាស្រ្ត និងប្រជាពលរដ្ឋរស់នៅ ក្នុងខេត្តប្រកបដោយសក្តានុពលល្អ ទាំងវប្បធម៌ ប្រពៃណី។

លោក សឿម ប៊ុនរិទ្ធ បានបញ្ជាក់ថា ខេត្តបាត់ដំបង មានក្រុង-ស្រុក ចំនួន១៣ស្មើ និង១០២ឃុំ និងមាន៨០៩ភូមិ មានប្រជាពលរដ្ឋរស់នៅ១,២០៥,០៥០នាក់ ក្នុងនោះស្រី៦០២,៩៩៤នាក់ ស្មើនឹង
២៦៣,៤៣៥គ្រួសារ មុខរបរចំបងធ្វើកសិកម្មមាន៧២% សល់ពីនោះ គឺប្រកបរបរដាំដំណាំកសិឧស្សាហកម្ម និងវិស័យជាច្រើនផ្សេងៗគ្នាទៀតផងដែរ។

លោក W.Patrick Murphy បានថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្ត ដែលបានបង្កលក្ខណៈ និងជួយសម្រួលដល់ភាគីទាំងពីរ បានជួបសម្តែងការគួរសម និងទទួលស្តាប់ពីសក្តានុពលល្អ លើទឹកដីខេត្តបាត់ដំបង ព្រមទាំងបានស្វែងយល់ឃើញថា ប្រជាពលរដ្ឋរស់នៅក្នុងខេត្ត មានសុខសុវត្ថិភាពល្អ មានសន្តិភាព និងការអភិវឌ្ឍន៍ខ្លាំង ដោយមានទីក្រុងស្អាតទៀតផង។

ក្នុងឱកាសនោះដែរ ប្រតិភូឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានអញ្ជើញទស្សនា អគារបុរាណសាលាខេត្តចាស់ ដែលនាមតាំងលម្អវត្ថុបុរាណប្រវត្តិសាស្រ្តមួយចំនួន ដើម្បីទស្សនាផងដែរ៕