(ភ្នំពេញ)៖ សិស្សវិទ្យាល័យប្រមាណ ១,៤០០នាក់ ក្នុងខេត្តចំនួន៣ ក្នុងប្រទេសកម្ពុជានឹងទទួលបានអត្ថប្រយោជន៍នាពេលឆាប់ៗនេះពីកម្មវិធីថ្មីមួយ ស្ដីពី «អក្ខរកម្មឌីជីថល និងសុវត្ថិភាពអិុនធឺណិត» ដែលត្រូវបានរៀបចំសាកល្បងដោយក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Google និងក្រុមហ៊ុន GSMA ដែលជាប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តនៃសមាគមពាណិជ្ជកម្មពិភពលោក ។

ភាពជាដៃគូនេះ ត្រូវបានប្រកាសនៅក្នុងកិច្ចប្រជំុកាលពីម្សិលមិញ ក្រោយទទួលបានការគាំទ្រជាផ្លូវការពី ក្រសួងអប់រំ យុវជន និងកីឡា ជាមួយនិងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលនឹងគំាទ្រការអនុត្តន៍គម្រោងនេះ។

កម្មវិធីនេះទទួលបានការគាំទ្រពេញទំហឹងពីវិភាគទានរបស់ក្រុមហ៊ុន Smart លើមូលនិធិកសាងសមត្ថភាព អភិវឌ្ឍន៍ និងការស្រាវជ្រាវរបស់រាជរដ្ឋាភិបាលកម្ពុជា។

កម្មវិធីអក្ខរកម្មឌីជីថលនេះនឹងរៀបចំដំបូងសម្រាប់សិស្សពីថ្នាក់ទី១០ និងថ្នាក់ទី ១១ ក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង។ ដោយផ្អែកលើការសិក្សាក្នុងកម្មវិធីសាកល្បងនេះ ភាគីទាំងអស់រំពឹងថានឹងពិភាក្សាបន្ថែមទៀតស្តីពីការពង្រីកសិក្ខាសាលាទៅកាន់សាលារៀនផ្សេងទៀតនៅទូទាំងប្រទេស។

លោក Feiruz Ikhwan នាយកផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Smart Axiata បានថ្លែងថា៖ «អក្ខរកម្មឌីជីថលគឺជាជំនាញដ៏សំខាន់មួយ ដើម្បីជម្រុញការរីកចម្រើននៃការទទួលយកទូរស័ព្ទចល័តនៅកម្ពុជា។ យើងមានមោទនភាពដែលបានសហការជាមួយដៃគូសក្តានុពលលើគម្រោងនេះ ដើម្បីបង្ហាញពីគុណតម្លៃប្រព័ន្ធអិុនធឺណិត ហើយជម្រុញការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ និងលើកកម្ពស់សារៈសំខាន់នៃភាពជាពលរដ្ឋសកម្មផ្នែកឌីជីថល។ គោលដៅយូរអង្វែងរបស់យើងគឺអនុវត្តកម្មវិធីនេះនៅទូទាំងប្រទេស ជាពិសេសនៅតាមជនបទ ដើម្បីជួយឲ្យយុវជនកម្ពុជាដែលកំពុងប្រើប្រាស់អិុនធឺណិតប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព»។

ក្នុងដំណាក់កាលដំបូង ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកសាលារៀនចំនួន ៣កន្លែងក្នុងខេត្តនីមួយៗ និងបានតែងតាំងគ្រូបង្រៀនចំនួន ៣រូប ក្នុ្ងងសាលារៀននីមួយៗ ដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលដែលដឹកនាំដោយអតីតនិស្សិតមកពីកម្មវិធី SmartEdu ដែលនឹងរៀបចំនិងអនុវត្តកម្មវិធីបណ្តុះបណ្តាលនេះ។ កម្មវិធីបណ្តុះបណ្តាលដែលរៀបចំឡើងដោយក្រុមហ៊ុន Google រួមមានការបង្រៀនអក្ខរកម្មឌីជីថលមូលដ្ឋាន ការក្រើនរំលឹកអំពីសារៈសំខាន់ស្ដីពីសុវត្ថិភាពពាក្យសម្ងាត់ ការគំរាមកំហែងតាមអិុនធឺណិត និងភាពជាពលរដ្ឋសកម្មផ្នែកឌីជីថល។

ក្រៅពីការសិក្សាភាពជាពលរដ្ឋសកម្មផ្នែកឌីជីថលរៀបចំឡើងដោយ ក្រុមហ៊ុន Google អ្នកសម្របសម្រួលនៃកម្មវិធីសិក្ខាសាលានឹងដាក់បញ្ជូលទស្សនៈទាក់ទងនឹងប្រព័ន្ធអិុនធឺណិត សម្រង់ពីសៀវភៅណែនាំលើកម្មវិធីបណ្តុះបណ្តាលជំនាញអិុនធឺណិតទូរស័ព្ទចល័តរបស់ក្រុមហ៊ុន GSMA។

កញ្ញា Su Ann Lim ប្រធានផ្នែកឧស្សាកម្មសម្រាប់បច្ចេកវិទ្យា និង ទូរគមនាគមន៍ នៃក្រុមហ៊ុន Google បានថ្លែងថា៖ «នៅក្រុមហ៊ុន Google យើងមានសុទិដ្ឋិនិយមលើបច្ចេកវិទ្យា ហើយជឿជាក់ថាទាំងការអប់រំ និងបច្ចេកវិទ្យាអាចជួយលើកកម្ពស់ជីវភាពរបស់សិស្សនិងគ្រូបង្រៀន ហើយវាមានសារៈសំខាន់ដែលយើងជួយយុវជនអភិវឌ្ឍ ការយល់ចិត្ត សុវត្ថិភាព និងទំនួលខុសត្រូវ និងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកក្នុងប្រព័ន្ធអិុនធឺណិត។ យើងមានសេចក្តីសោមនស្សរីករាយដែលបានសហការជាមួយក្រុមហ៊ុន Smart Axiata និងរាជរដ្ឋាភិបាល ដើម្បីរៀបចំសិក្ខាសាលាដែលសង្ឃឹមថានឹងមានសារៈសំខាន់សម្រាប់កម្មវិធីជាច្រើនផ្សេងទៀតនាពេលអនាគត ដែលលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថលប្រកបដោយទំនួលខុសត្រូវ»

កម្មវិធីអក្ខរកម្មឌីជីថលនេះក៏នឹង បណ្តុះបណ្តាលអ្នកចូលរួមអំពីរបៀបផលិតវីដេអូកំសាន្ត និងទាក់ទាញ សម្រាប់កម្មវិធីប្រព័ន្ធអិុនធឺណិតដូចជាកម្មវិធី YouTube ដែលបង្ហាញសិស្សានុសិស្សពីរបៀបសរសេរអត្ថបទវីដេអូ ថតវីដេអូ និង កែសម្រួលវីដេអូដោយប្រើ ទូរស័ព្ទស្មាតហ្វូន និងចែករំលែកទស្សនៈអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញពីសិក្ខាសាលា។

រាល់វីដេអូដែលផលិតដោយសិស្សនឹងមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់ចំនួន ១០០០ ដុល្លារ (សម្រាប់ខេត្តនីមួយៗ) សម្រាប់វីដេអូផលិតបានល្អបំផុតដោយអាស្រ័យលើចំនួន «ចូលចិត្ត» តាមរយៈអនឡាន ក្នុងនោះផងដែរសាលារៀននៅតាមខេត្តនីមួយៗដែលផ្ញើរចំនួនវីដេអូច្រើនជាងគេនឹងទទួលបានរង្វាន់ជាសម្ភារៈអប់រំដែលមានតម្លៃស្មើរនឹង ២៥០០ ដុល្លារ៕

សម្រាប់ព័ត៌មានបន្ថែមអំពី កម្មវិធីនិរន្តរភាព និងទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន Smart សូមតាមដានទំព័រ «Smart For Cambodia» តាមរយៈ www.facebook.com/SmartForCambodia ឬ ចូលទៅកាន់គេហទំព័រ www.smart.com.kh