(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានទទួលជួបជាមួយ លោក សាយ៉េដ យូស្សូវ រ៉ាហ្សា ហ្គីឡានី (Syed Yusurf Raza Gilani) អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្រោយបញ្ចប់ជំនួបនោះ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានអរគុណលោកដែលបានអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ហើយលោកចាត់ទុកថា កិច្ចប្រជុំកំពូលនេះ ទទួលបានលទ្ធផលជោគជ័យដ៏ត្រចះត្រចង់។

អតីតនាយករដ្ឋមន្ដ្រីប៉ាគីស្ថាន បានគូសបញ្ជាក់ថា វត្តមានរបស់លោក បានចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី រវាងប៉ាគីស្ថាន និងកម្ពុជា។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការជោគជ័យនៃកិច្ចប្រជុំនេះ គឺជាជោគជ័យរួមរបស់យើងទាំងអស់គ្នា ហើយអ្វីដែលសំខាន់នេះ គឺយើងនឹងប្រែក្លាយវេទិកានេះ ឲ្យទៅជាវេទិកានៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសដែលចូលរួម។ លើសពីនេះទៀត លោកសង្ឃឹមថា នឹងអញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រី ទៅទស្សនកិច្ចនៅប្រទេស ប៉ាគីស្ថាន ក្នុងពេលវេលាសមស្របណាមួយ នៅពេលខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្លាស់ប្ដូរមតិ ជាមួយអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានផងដែរ ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរ អាចសហការគ្នាបានទៅលើយន្តការផ្សេងៗទៀត។

អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ក៏បានគូសបញ្ជាក់ដោយចាត់ទុកថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏អស្ចារ្យ ដែលបានធ្វើឲ្យប្រទេសមួយនេះ មានការរីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេលដ៏ខ្លីនេះ ហើយជាពិសេសទៀត បានជំរុញឲ្យកម្ពុជា មានការអភិវឌ្ឍទៅមុខយ៉ាងលឿន៕