(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យកម្ពុជា-ប៉ាគីស្ថាន ខិតខំបង្កើនទំហំពាណិជ្ជកម្មបន្ថែមទៀត ខណៈដែលពេលនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមានកម្រិតតិចតួចនៅឡើយ។

ការថ្លែងជំរុញឱ្យបង្កើនពាណិជ្ជកម្មទ្វេភាគីរបស់កម្ពុជា-ប៉ាគីស្ថាន របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចទទួលជួបពិភាក្សា ការងារជាមួយ លោក កាស៊ីម ខាន់ស៊ូរី (Qasim Khan Suri) អនុប្រធានសភាជាតិ សាធារណៈរដ្ឋអ៉ីស្លាមប៉ាគីស្ថាន នៅវិមានសន្តិភា។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ថា ក្នុងជំនួបនេះ លោកអនុប្រធានសភាជាតិ ប៉ាគីស្ថាន បានលើកឡើងថា ប្រទេសទាំងពីរ ពិតជាមានកិច្ចសហប្រតិបត្តិការ យូរលង់មកហើយ ដែលត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យបានខ្លាំងក្លាបន្ថែមទៀត។ ក្រៅពីនេះក៏ចង់ឱ្យមាន កិច្ចសហប្រតិបត្តិការក្របខណ្ឌតំបន់ ពិសេសក្នុងក្របខណ្ឌអាស៊ាន។ លោកបានអបអរសាទរ ចំពោះសមទិ្ធផលអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច និងការរីកចម្រើនដ៏ធំធេងនៅកម្ពុជាលើគ្រប់វិស័យ។ លោកចង់ឃើញគឺមានការផ្លាស់ប្តូរទស្សនកិច្ចគ្នា នៅក្នុងក្របខណ្ឌសភា និងសភា និងទស្សនកិច្ចថ្នាក់ដឹកនាំ ទៅវិញទៅមកផងដែរ។

ក្នុងជំនួបនោះ សម្តេចតេជោ បានលើកឡើងថា ប៉ាគីស្ថានបានទទួលស្គាល់ឯករាជ្យកម្ពុជា តាំងពីឆ្នាំ១៩៥២ ពោលគឺមុនប្រទេសកម្ពុជា ទទួលបានឯករាជ្យទៅទៀត។ សម្តេចតេជោ ចង់ឱ្យភាគីទាំងពីរ ស្វែងរកមធ្យោបាយ ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសកិច្ចសហប្រតិបត្តិការ ទៅលើវិស័យសេដ្ឋកិច្ច និងវិនិយោគជាដើម។

សម្តេចបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគី នៅមានចំនួនតិចតួចនៅឡើយ ក្នុងន័យនេះ សម្តេច ចង់ភាគីទាំងពីរ ជំរុញឱ្យទំហំពាណិជ្ជកម្ម ឱ្យមានការកើនឡើងថែមទៀត។ ពាក់ព័ន្ធទៅនឹងវិស័យវប្បធម៌ និងវិស័យអប់រំវិញ សម្តេចតេជោ អរគុណចំពោះប៉ាគីស្ថាន ដែលបានផ្តល់អាហារូបករណ៍ ដល់និស្សិត និងមន្ត្រីកម្ពុជា ដើម្បីទទួលបាន ការបណ្តុះបណ្តាល នៅប៉ាគីស្ថាន។ ពាក់ព័ន្ធទៅនឹងវិស័យនយោបាយ សម្តេចតេជោ បញ្ជាក់ថា កន្លងទៅនេះកម្ពុជា បានគាំទ្រប៉ាគីស្ថាន ក្នុងការក្លាយជាប្រទេសដៃគូសន្ទនា តាមវិស័យរបស់អាស៊ាន និងចង់ក្លាយជា ដៃគូពេញលេញ របស់អាស៊ាន នៅពេលខាងមុខនេះ។

ក្នុងជំនួបនេះដែរ សម្តេចតេជោ បានអញ្ជើញថ្នាក់ដឹកនាំកំពូលប៉ាគីស្ថាន មកធ្វើទស្សនកិច្ចនៅកម្ពុជា ហើយសម្តេចក៏នឹងរកពេលវេលា សមស្របណាមួយ ដើម្បីទស្សនកិច្ច នៅប៉ាគីស្ថានវិញផងដែរ៕