(ភ្នំពេញ)៖ អតីតប្រធានាធិបតីទីម័រឡេស្តេ លោក ខេរ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmao) បានចាត់ទុកសន្តិភាព និងការរីកចម្រើននៅកម្ពុជា ជាគម្រូដ៏ល្អសម្រាប់ប្រទេសដទៃ នៅជុំវិញពិភពលោក។

ការលើកឡើងរបស់អតីតប្រធានាធិបតីទីម័រឡេស្តេ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជានៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព។

បើតាមប្រសាសន៍ លោក កៅ កឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះលោក ហ្គូសម៉ៅ បានលើកឡើងថា លោកធ្លាប់បានមកកាន់កម្ពុជា ជាច្រើនលើកហើយ ដោយបានសង្កេតឃើញថា កម្ពុជាមានការរីកចម្រើនដ៏អស្ចារ្យ។ លោក បានបន្ថែមថា សន្តិភាពនៅកម្ពុជា គឺជាសន្តិភាពពិត ដែលជាគម្រូដ៏ល្អ សម្រាប់ប្រទេសដទៃទៀត នៅទូទាំងពិភពលោក។

លោក ហ្គូសម៉ៅ បានបញ្ជាក់ថា លោកជាបេសកជនពិសេសមួយរូប នៃក្រុម G7+ ហើយនៅដើមឆ្នាំ២០២០ ខាងមុខនេះ នឹងមានកិច្ចប្រជុំជាន់ខ្ពស់ នៅប្រទេសរវ៉ាន់ដា ទ្វីបអាហ្វ្រិក។ លោកបន្តថា ទិដ្ឋភាពនៅអាហ្វ្រិក និងនៅអាស៊ីប៉ាស៊ីហ្វិក មានការខុសគ្នាច្រើន ក្នុងន័យនេះ លោកថ្លែងថា ប្រទេសតំបន់អាហ្វ្រិក ពិតជាត្រូវការជំនួយ សម្រាប់ការបង្រួបបង្រួមជាតិ ពីប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កន្លងមកនេះ កម្ពុជាបានខិតខំប្រឹងប្រែង យ៉ាងខ្លាំង ក្នុងការដល់ទីម័រឡេស្តេ ដើម្បីក្លាយជាសមាជិកសមាគមអាស៊ាន ហើយសម្តេចសង្ឃឹមថា នៅឆ្នាំ២០២០ខាងមុខនេះ ក្នុងឱកាសវៀតណាម ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន, ទីម័រឡេស្តេ អាចក្លាយជាសមាជិកអាស៊ាន។

សម្តេចបានបន្តថា កម្ពុជាអាចជួយទីម័រឡេស្តេ ក្នុងការកសាងសមាសភាព ដើម្បីឲ្យទីម័រខាងកើត ក្លាយជាសមាជិក ពាណិជ្ជកម្មពិភពលោក។ ពាក់ព័ន្ធនឹងកិច្ចប្រជុំ ឆ្នាំ២០២០ នៅរវ៉ាន់ដានោះ សម្តេចបញ្ជាក់ថា នៅពេលមានការអញ្ជើញជាផ្លូវការ សម្តេចនឹងពិចារណា ក្នុងកិច្ចប្រជុំនោះ ដើម្បីចែករំលែកពីបទពិសោធន៍កម្ពុជា ហើយកម្ពុជាក៏អាចរៀនសូត្រ ពីបណ្តាប្រទេសផ្សេងទៀតផងដែរ៕