(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំ «សន្និសីទជាតិស្តីពីការស្រាវជ្រាវ និងនវានុវត្តន៍ នៅកម្ពុជា លើកទី១» ក្រោមប្រធានបទ «ការស្រាវជ្រាវ និងនវានុវត្តន៍ នៅកម្ពុជា៖ មាគ៌ាឆ្ពោះទៅរកសង្គមពុទ្ធិ និងវិបុលភាព» ដែលនឹងប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ នាថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០១៩។

តាមសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា សន្និសីទជាតិនេះ មានគោលបំណង៖

ទី១៖ ផ្តល់នូវវេទិកាដ៏មានសារៈសំខាន់ ដើម្បីប្រមូលផ្ដុំនិស្សិតពីតាមគ្រឹះស្ថានឧត្តមសិក្សា អ្នកស្រាវជ្រាវ និងអ្នកប្រកបវិជ្ជាជីវៈឱ្យមកចែករំលែកការស្រាវជ្រាវ ការបង្កើតថ្មី និងនវានុវត្តន៍ ព្រមទាំងរៀនសូត្រពីបទពិសោធស្រាវជ្រាវ បង្កើតថ្មី និងធ្វើនវានុវត្តន៍ រួមទាំងលទ្ធផលនៃការស្រាវជ្រាវ ការបង្កើតថ្មី និងនវានុវត្តន៍ របស់ក្រុមដែលមានជំនាញ វិជ្ជាជីវៈដូចគ្នា និងអ្នកជំនាញនានា។

ទី២៖ ប្រមូលផ្ដុំគ្រឹះស្ថានឧត្តមសិក្សា វិទ្យាស្ថាន-ស្ថាប័នស្រាវជ្រាវដៃគូអភិវឌ្ឍន៍ ព្រមទាំងវិស័យឯកជន ឲ្យចូលរួមក្នុងការជំរុញ និងធ្វើការស្រាវជ្រាវ ការបង្កើតថ្មី និងនវានុវត្តន៍ នៅកម្ពុជា និងនាំមកនូវការចូលរួម ពីអ្នកជំនាញអន្តរជាតិពីក្នុងនិងក្រៅតំបន់។

ទី៣៖ ផ្សារភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមករវាងគ្រឹះស្ថានឧត្តមសិក្សា និងនិយោជក ដើម្បីត្រៀមរៀបចំនិស្សិត ឲ្យមានការយល់ដឹងកាន់តែពេញលេញ អំពីជំនាញដែលត្រូវការជាចាំបាច់ នៅក្នុងទីផ្សារការងារ។

ទី៤៖ ជំរុញកិច្ចសន្ទនា ជាបន្តអំពីការស្រាវជ្រាវ ការបង្កើតថ្មី នវានុវត្តន៍ និងការមិនឆ្លើយតប/ការមិនស៊ីគ្នានៃជំនាញ និងគម្លាតជំនាញ ដែលជាមធ្យោបាយដើម្បីបង្ហាញឲ្យឃើញនូវការអនុវត្តល្អៗ នៃការបណ្តុះបណ្តាល ការស្រាវជ្រាវការបង្កើតថ្មី និងនវានុវត្តន៍ របស់គ្រឹះស្ថានឧត្តមសិក្សា។

ទី៥៖ ប្រមូលផ្តុំ និងចងក្រងនូវការអនុវត្តល្អៗនៃការស្រាវជ្រាវការបង្កើត និងនវានុវត្តន៍ ដែលត្រូវបានបង្ហាញក្នុងសន្និសីទនេះ ហើយដែលអាចត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ និង ដាក់ឲ្យអាចទាញយកបាន ពីតាមបណ្តាញអឺនធឺណិត ទៅដល់សាធារណជន។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ៖