(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានលើកទី១០ ស្តីពី សុខាមាលភាពសង្គម និងអភិវឌ្ឍន៍នៅទីក្រុងវាងច័នទ នៃសាធារណរដ្ឋប្រជាធិបតីតេយ្យប្រជាមានិតឡាវ។

ក្នុងកិច្ចប្រជុំនោះលោករដ្ឋមន្រ្តី វង សូត នឹងលើកឡើងនូវសមិទ្ធិផលយ៉ាងច្រើនដែលសម្រេចបាននាពេលកន្លងមក ដូចជា ការសាងសង់មណ្ឌលជនវិបល្លាសស្មារតី ជាការសម្រេចបានរបស់ រាជរដ្ឋាភិបាល ក្នុងអណត្តិទី៦នេះ ដែលកំពុងជំរុញកិច្ចការជាច្រើន មានផ្នែកពិការភាព ដែលលោករដ្ឋមន្រ្តីគ្រោងបង្កើតមជ្ឍមណ្ឌលមួយដែលមានលក្ខណៈប្រមូលផ្តុំ មានភាបទាន់សម័យ តាមស្តង់ដា បង្កលទ្ធភាពឲ្យជនពិការភាពចូលទៅក្នុងមជ្ឈមណ្ឌលទទួលបានការបណ្តុះបណ្តាល ពេលដែលចេញមកវិញអាចទ្រទ្រុងជីវភាពរស់នៅបានផងដែរ។

លោកបញ្ជាក់ថា កម្ពុជាបានក្លាយជាសមាជិក នៃប្រទេសដៃគូសកល ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ ដែលជាទឡ្ហីកម្មមួយបង្ហាញពីកាខិតខំ និងប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការឈានទៅលុបបំបាត់ អំពើ ហិង្សាលើកុមារ។ អំពើហិង្សាលើកុមារ បានធ្វើឲ្យកុមារ និងគ្រួសារទទួលរងនូវការឈឺចាប់ និងអាចបង្កផលវិបាករយៈពេលវែងដូចជា និងការអភិវឌ្ឍរូបរាងកាយយឺតបញ្ហាឥរិយាបថ បញ្ហាសុខភាពផ្លូវកាយ និងបញ្ហាសុខភាពផ្លូវចិត្តជាដើមផងដែរ។ ដោយឡែក សម្រាប់វិស័យមនុស្សវ័យចាស់ កម្ពុជាបានដាក់ចេញនូវគោលនយោបានជាតិស្ដីពីមនុស្សវ័យចាស់ ដែលមានចក្ខុវិស័យក្នុងការបន្ដលើកកម្ពស់ និងកែលម្អគុណភាពជីវិតរបស់មនុស្សចាស់ទទួលបាននូវសិទ្ធិ និងឱកាសស្មើៗគ្នា។

ទន្ទឹមនិងនេះដែរ ចំពោះឯកសាផែនការមេអាស៊ានស្ដីពី ការបញ្ជ្រាបសិទ្ធិជនមានពិការភាព ដែលជាការលើកទឹកចិត្ត ក៏ដូចជាការលើកកម្ពស់សិទ្ធិជនពិការទាំងនៅក្នុងថ្នាក់តំបន់ និងថ្នាក់ជាតិ ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៨នៅប្រទេសសិង្ហបូរីកន្លងទៅនេះផងដែរ។

សូមបញ្ជាក់ថា ពាក់ព័ន្ធការយកចិត្តទុកដាក់ដល់អនីតិជន កម្ពុជាបានអនុម័តច្បាប់យុត្តិធម៌អនីតិជន កាលពីឆ្នាំ២០១៦ និងគ្រោងសាងសង់មជ្ឈមណ្ឌលស្ដារយុវនីតិសម្បទានាពេលដ៏ខ្លីខាងមុខនេះ ក្នុងគោលបំណងធានាការពារសិទ្ធិ និងឧត្តមប្រយោជន៍របស់អនីតិជនដែលប្រព្រឹត្តបទល្មើស ដើម្បីទទួលបានការអប់រំបណ្ដុះបណ្ដាល និងស្ដារនីតិសម្បទាមុននឹងសមាហរណកម្មទៅសហគមន៍ និងគ្រូសារវិញផងដែរ៕