(ភ្នំពេញ)៖ លោកស្រីកត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល ជាមួយអាចារ្យ-អាចារិនីទូទាំងប្រទេសចំនួន ១០០០រូប នៅសាលសន្និសីទចតុមុខ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានលើកឡើងថា ព្រះពុទ្ធសាសនានៅកម្ពុជាបានផ្សារភ្ជាប់ និងសង្គម។ ក្រសួងធម្មការបានបណ្តុះបណ្តាលអាចារ្យ-អាចារិនី ឲ្យប្រកាន់ភ្ជាប់នូវសីលធម៌វប្បធម៌ ប្រពៃណី ដើម្បីមានសមត្ថភាពធ្វើជាអាចារ្យ អាចារិនីឲ្យស្របទៅតាមក្បួន ច្បាប់តាមតំបន់នីមួយៗនៅទៅទាំងប្រទេសចំនួន ៣៤វគ្គ និងមានសិក្សាកាមជា អាចារ្យ-អាចារិនី មកពីខេត្ត-រាជធានី ទូទាំងប្រទេសមានចំនួន ១០.៤៩៩រូប ស្រ្តីចំនួន ១៤២នាក់ និងមានព្រះសង្ឃ ចំនួន ៥៧៩អង្គ ចូលមកសិក្សារួចមកហើយ។

លោកស្រីថា «ក្នុងន័យនេះ បានបង្ហាញថាយើងតែងបានយកចិត្តទុកដាក់អនុវត្តតាមគ្រប់មធ្យោបាយ ដើម្បីធានាដល់ការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ និងសាសនារបស់ជាតិយើង។ តែទោះបីជាយ៉ាងណាក្រសួងធម្មការនៅតែបន្តបើកវគ្គបណ្តុះ បណ្តាលអាចារ្យ-អាចារិនី ដើម្បីស្របទៅតាមតម្រូវការរបស់ពុទ្ធបរិស័ទនៅទាំងប្រទេស ដោយក្រសួងនឹងជូនសេចក្តីជូនដំណឹង ជ្រើសរើសសិក្ខាកាមឲ្យចូលមកសិក្សា នាពេលខាងមុខជាបន្តបន្ទាប់ទៀត ដើម្បីស្របនឹងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល»

នាឱកាសនោះដែរ លោកស្រីបណ្ឌិត ម៉ែន សំអន បានលើកឡើងទៀតថា ការលើកស្ទួយវប្បធម៌ តាមរយៈការបណ្តុះបណ្តាលអាចារ្យ អាចារិនី ដើម្បីពង្រឹងវប្បធម៌ប្រពៃណីខ្មែរ ឲ្យមានគោលដៅតែមួយទូទាំងប្រទេស។ សម្តេចតេជោ ហ៊ុន សែន កន្លងមកសម្តេចតែងតែឲ្យតម្លៃខ្លាំងណាស់ ក្នុងពង្រឹងសមត្ថភាពដល់អាចារ្យ អាចារិនី ដើម្បីពង្រឹងទំនៀមទំលាប់ រក្សាប្រពៃណីខ្មែរឲ្យបានគង់វង្ស និងបណ្តុះបណ្តាលក្រមសីលធម៌អាចារ្យ អាចារិនី។

លោកស្រីបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានធានានូវការអភិរក្សប្រពៃណី វប្បធម៌ខ្មែរ ដែលបុព្វបុរសបានបន្សស់ទុកឲ្យ ដែលមានបង្កប់នូវមេត្តា ករុណា បុតិតា ដែលបានធ្វើឲ្យកម្ពុជា មានវប្បធម៌រ៉ុងរឿងរហូតមក លើកលែងដែរសម័យប៉ុលពត ដែលមានតែការកាប់សម្លាប់យ៉ាងរង្គាលទៅវិញ។

លោកស្រីឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា តួនាទីអាចារ្យ អាចារិនី មានសារៈសំខាន់ណាស់ នៅសម័យតេជោសែន ដែលបានថែរក្សាសន្តិភាព ស្ថេរភាព និងមានការរូកចំរើនគ្រប់វិស័យ។ វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់ជាតិមានការរីកចំរើនយ៉ាងខ្លាំង ជាពិសេសប្រជាពលរដ្ឋមានសេរីភាពប្រតិបត្តិជំនឿសាសនា ដែលពេញចិត្ត។ កម្ពុជា គឺជាប្រទេសមានវប្បធម៌អរិយធម៌ សំបូរបែបក្នុងអាស៊ី ហើយបានបង្កប់នូវអត្ថន័យនិងការអប់រំយ៉ាងជ្រាលជ្រៅ ដូច្នេះចាំបាច់ត្រូវការអ្នកចេះដឹង គឺអាចារ្យជាអ្នកដឹកនាំពិធីសាសនានីមួយៗ ស្រប តាមក្បួនច្បាប់បូរាណ ហើយស្របគ្នាពីតំបន់មួយទៅតំបន់មួយទៀត។

ជាមួយគ្នានោះលោកស្រី បានស្នើដល់អាចារ្យ អាចារិនី រួមចំណែកថែរក្សាអត្តសញ្ញាណខ្មែរឲ្យបានគង់វង្ស នូវសាសនា ប្រពៃណី ទំនៀមទំលាប់ និងការ អភិវឌ្ឍន៏គ្រប់វិស័យតាមរយៈការបណ្តុះ បណ្តាលសមត្ថភាពអាចារ្យ អាចារិនី ទៅទូទាំងប្រទេសដែលអនុវត្តការងារដោយ ក្រសួងធម្មការនិងសាសនារួមចំណែកអប់រំសីលធម៌ដល់យុវជន កុមារ និងប្រជាជនទាំងអស់មានសីលធម៌ សុជីវធម៌ល្អ ប្រឆាំងការរើសអើងផ្នែកសាសនា។

លោកស្រីថ្លែងថា នេះគឺជាជួបជុំប្រចាំឆ្នាំ របស់អាចារ្យ និងអាចារិនីទូទាំងប្រទេសដើម្បី លើកកម្ពស់សមត្ថភាពយល់ដឹងអំពី ក្បួនច្បាប់ក្រឹតក្រមអាចារ្យជាគោល ដែលមានការឯកភាពរួម និងដើម្បីលើកកម្ពស់ការយល់ដឹង លើកម្រិតវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរបន្ថែម ដល់អាចារ្យ និងអាចារិនីទាំងអស់ដែលទទួល បានការបណ្តុះបណ្តាលពី សមាគមអាចារ្យខ្មែរ។

ជាមួយគ្នានេះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំនូវប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដល់អាចារ្យ អាចារិនី ត្រូវយកចិត្តទុកដាក់ និងគោរពប្រតិបត្តិ ទៅតាមទំនៀមទម្លាប់ និងជំនឿនៅតាមតំបន់មួយចំនួន ដែលប្រជាពលរដ្ឋ និងគ្រួសារខ្មែរនៅប្រតិបត្តិតាមនៅឡើយ ជាពិសេសមិនត្រូវចាប់បង្ខំគេ ឲ្យគោរពតាមខ្លួន ទាំងស្រុងនោះទេ។

ទន្ទឹមនឹងនេះ សម្ដេចតេជោ បានលើកទឹកចិត្ត និងជំរុញដល់អាចារ្យ- អាចារិនី ខិតខំយកចិត្តទុកដាក់ថត និងចងក្រងឯកសារ គម្ពីរទាំងឡាយទាក់ទងនឹងវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ ដើម្បីរក្សាទុកសម្រាប់ ក្មេងជំនាន់ក្រោយក៏ដូចជាសម្រាប់ជាកេរ្តិ៍ដំណែល និងជាមរតកជាតិ និងសម្រាប់ផ្សព្វផ្សាយ។

លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានលើកឡើងថា កម្ពុជាជាប្រទេសមួយដែលមានសាសនា វប្បធម៌ អរិយធម៌និងប្រពៃណី ទំនៀមទម្លាប់សម្បូរបែប ហើយមានប្រជាជន ជាជនជាតិមួយមានវ័យចំណាស់យូរលង់ណាស់មកហើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកហៅថា អាចារ្យ អាចារ្យ ជាអ្នកដឹក នាំពិធីនានា និងជាអ្នកបង្ហាត់បង្រៀនជាអ្នកពន្យល់បង្ហាញ ជាបុគ្គលដែលគួរគោរពបូជា និងមានចំណេះដឹងខ្ពស់ច្បាស់លាស់ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។

បុព្វបុរសយើង បានបន្សល់ទុកឲ្យយើងនូវមរតកដ៏មានតម្លៃជាច្រើនផ្នែកសាសនា វប្បធម៌ និង ប្រពៃណីទំនៀមទម្លាប់ ដែលធ្វើឲ្យពិភពលោកមានការស្ងើចសរសើរ និងទទួលស្គាល់ស្នាដៃ របស់ខ្មែរយើង។ ដូច្នេះការដែលយើងទាំងអស់គ្នា អនុវត្តនូវពិធីផ្សេងៗ មានការខុសឆ្គងផ្ទុយពីក្បួនច្បាប់ពីបុរាណ គឺជាការធ្វើឲ្យបាត់បង់នូវតម្លៃ និងអត្តសញ្ញាណរបស់ជាតិខ្លួន។

ជាមួយគ្នានេះ សូមឲ្យអាចារ្យទាំងអស់ ត្រូវខិតខំរៀនសូត្រនូវគម្ពីរ ក្បួនច្បាប់ឲ្យបានជ្រៅជ្រះបន្ថែមទៀត ដើម្បីឲ្យការអនុវត្តមានភាពត្រឹមត្រូវទៅតាមក្បួនច្បាប់ពីបុរាណរបស់យើង រួមចំណែកថែរក្សាអត្តសញ្ញាណរបស់ជាតិយើង ឲ្យបានគង់វង្ស៕