(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ មានគម្រោងរៀបចំកែលម្អផ្លូវថ្មើរជើង តាមបណ្តោយមហាវិថីម៉ៅសេទុង ដោយចាប់ពីស្ពានអាកាស ៥មករា រហូតដល់ស្តុបចំការមន ដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនជនពិការមានផ្លូវថ្មើរជើង សម្រាប់ធ្វើដំណើរឆ្លងកាត់ ខណៈដែលការរៀបចំសណ្តាប់ធ្នាប់សាធារណៈនេះ វាជាតម្រូវការចាំចាប់របស់ប្រជាពលរដ្ឋទូទៅ ដែលរស់នៅក្នុងរាជធានីភ្នំពេញ។

ការបង្ហាញពីគម្រោងនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងកិច្ចប្រជុំស្តីពីគម្រោងសិក្សារៀបចំ និងកែលម្អផ្លូវថ្មើរជើង តាមបណ្តោយមហាវិថីម៉ៅសេទុងក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានអាជ្ញាធរខណ្ឌពាក់ព័ន្ធ និងមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីជាច្រើនរូបទៀត។

លោក ឃួង ស្រេង បានលើកឡើងថា ការរៀបចំ និងកែលម្អផ្លូវថ្មើរជើងតាមបណ្តោយមហាវិថីម៉ៅសេទុងនេះ តំបូងត្រូវរៀបចំចិញ្ចើមផ្លូវ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ។ អាជ្ញាធរ នឹងរៀបចំផ្លូវថ្មើរជើងនេះឲ្យល្អប្រសើរឡើង និងដើម្បីទុកជាគំរូសម្រាប់មហាវិថីផ្សេងៗទៀតផងដែរ។

លោកអភិបាលថា សណ្តាប់ធ្នាប់សាធារណៈជាតម្រូវការចាំចាប់របស់ប្រជាពលរដ្ឋទូទៅ ហើយការចតលើចិញ្ចើមផ្លូវប្រហែលជាមិនអនុញ្ញាតិឲ្យមានទៀតទេ។ មានមតិខ្លះថា នៅស្រុកគេ ពិសេសនៅប្រទេសបារាំង គេអនុញ្ញាតិឲ្យមានការចតលើទ្រូងផ្លូវបាន តែគេចតតែមួយជួរ នេះជាការងារដែលយើងត្រូវសិក្សា និងពិភាក្សាគ្នាថាតើយើងត្រូវរៀបចំបែបណា។

ក្រោយពីមានការពិភាក្សាគ្នារួចរាល់ នៅចុងបញ្ចប់នៃកិច្ចប្រជុំនោះ លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌពាក់ព័ន្ធ និងផ្លូវម៉ៅសេទុងនេះ សហការជាមួយមន្ត្រីជំនាញ និងមន្ទីរដែនដី នគររូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ ចុះសិក្សាពីកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋថា តើបានប៉ះពាល់អ្វីខ្លះ បន្ទាប់មកនឹងបង្កើតជាអង្គប្រជុំពិនិត្យ និងសម្រេចម្តងទៀត ដោយនឹងរៀបចំ និងកែលម្អផ្លូវថ្មើរជើងនៅតាមបណ្តោយមហាវិថីម៉ៅសេទុង ឲ្យបានល្អប្រសើរ ទុកជាគំរូសម្រាប់មហាវិថីផ្សេងៗទៀត នៅក្នុងរាជធានីភ្នំពេញ៕