(ភ្នំពេញ)៖ ប្រទេសកម្ពុជា និងប្រទេសបាបាដុស បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីការបង្កើតទំនាក់ទំនងការទូតជាមួយគ្នា ចាប់ពីពេលនេះតទៅ។ នេះបើតាមសេចក្តីថ្លែងការណ៍រួម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលភាគីកម្ពុជា តំណាងដោយ លោក កែ សុវណ្ណ ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាពតំណាងអចិន្រ្តៃយ៍ ប្រចាំអង្គការសហប្រជាជាតិរបស់ប្រទេសកម្ពុជា និងភាគីបាបាដុស តំណាងដោយ លោកស្រី ហេនរីតា អេលីហ្សាបែត ថមសិន ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាពតំណាងអចិន្រ្តៃយ៍ ប្រចាំអង្គការសហប្រជាជាតិរបស់ប្រទេសបាបាដុស។

សេចក្តីថ្លែងការណ៍រួមនេះ បានមានខ្លឹមសារថា៖

«ក្នុងគោលបំណងជំរុញ ការយោគយល់គ្នាទៅវិញទៅមក និងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនទាំងពីរ ដោយឈរលើគោលការណ៍ និងគោលបំណងនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ជាពិសេសក្នុងគោលបំណងគោរពនិងពង្រឹងសន្តិសុខ និងសន្តិភាពអន្តរជាតិ សមភាពរវាងរដ្ឋ និងរដ្ឋអធិបតេយ្យភាពជាតិ ឯករាជ្យភាព សន្ធិសញ្ញាអន្តរជាតិ បូរណភាពទឹកដី និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរវាងរដ្ឋ និងរដ្ឋបានសម្រេចបង្កើតទំនាក់ទំនង ការទូតថ្នាក់ ឯកអគ្គរាជទូតអដ្ឋទូត ដោយអនុលោមតាមបទបញ្ញត្តិ នៃអនុសញ្ញាទីក្រុងវីយ៉េន ស្តីពីទំនាក់ទំនងការទូតចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៦១ ដោយមាន ប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម នេះតទៅជាសក្ខីភាព តំណាងហត្ថលេខីទាំងពីរ ដោយមានការអនុញ្ញាតពីរាជ/រដ្ឋាភិបាលរៀងៗខ្លួន បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនេះ ជាពីរច្បាប់ដើម ជាភាសាខ្មែរ និងភាសាអង់គ្លេស ដែលអត្ថបទទាំងពីរនេះមានតម្លៃស្មើគ្នា»