(សាធារណរដ្ឋកូរ៉េ)៖ ពលករខ្មែរនៅរស់នៅទីក្រុងឆាំងវ៉ុន សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានប្រកាសត្រៀមទទួលស្វាគមន៍វត្តមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលនឹងអញ្ជើញទៅជួបសំណេះសំណាលសួរសុខទុក្ខ ដោយផ្ទាល់នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ក្នុងឱកាសចូលរួមកិច្ចប្រជុំសំខាន់ៗនៅទីនោះ។

ពលការិនី ដែលមានស្រុកកំណើតនៅរាជធានីភ្នំពេញ ហើយទៅធ្វើការនៅទីនោះ បានលើកឡើងយ៉ាងដូច្នេះថា «នាងខ្ញុំមានអារម្មណ៍រំភើបសប្បាយ រីករាយមែនទែន ដែលសម្ដេចអញ្ជើញមកក្នុងប្រទេសកូរ៉េ ជួបជុំបងប្អូនដែលជាពលករ និងជាស្ដ្រីដែលយកប្ដីកូរ៉េផងដែរ។ បើសិនជាអាចបងប្អូនខ្មែរ ដែលនៅកូរ៉េទាំងអស់ ចង់ឲ្យសម្ដេចអញ្ជើញមកមើលបងប្អូន កាន់តែញឹកញាប់ជាការល្អផងដែរ»។

ពលការិនីរូបនេះ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ឱកាសឲ្យពួកគាត់ បានទៅធ្វើការនៅប្រទេសកូរ៉េ និងទទួលបានប្រាក់ខែសមរម្យ ហើយបានផ្ញើទៅក្រុមគ្រួសារនៅស្រុកកំណើតផងដែរ ដែលទាំងអស់នេះ មិនអាចកាត់ផ្ដាច់ពីសម្ដេចបានឡើយ៕