(ម៉ាឡេស៊ី)៖ កិច្ចប្រជុំវេទិកាវិទូឥស្លាមតំបន់អាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំ២០១៩ រយៈពេល២ថ្ងៃ ពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវបានបញ្ចប់ក្រោមវត្តមាន លោកបណ្ឌិត Tun Dr. Mahathir Mohamad នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្រ្តី មេដឹកនាំគណៈដឹកនាំជាន់ខ្ពស់ឥស្លាមប្រទេសអាស៊ាន ឥស្សរៈ ប្រធានស្ថាប័ន អង្គការ សមាគមសំខាន់ៗចំនួន៦២០នាក់។

ក្រោយពីទទួលបានជោគជ័យ ក្នុងកិច្ចប្រជុំវេទិកាវិទូឥស្លាមក្នុងតំបន់អាស៊ីអាគ្នេយ៍ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានប្រកាសថា ម៉ាឡេស៊ីនឹងធ្វើជាម្ចាស់ផ្ទះជាលក្ខណៈពិភពលោក នៃកិច្ចប្រជុំវេទិកាវិទូឥស្លាមសម្រាប់ឆ្នាំ ២០២០។

លោក យោប អះស្ការី អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និង សាសនា បានលើកឡើងថា នេះជាកិត្តិយសសម្រាប់កម្ពុជា ដែលបានចូលរួមផ្លាស់ប្តូរបទពិសោធន៍ជាមួយមេដឹកនាំឥស្លាមស្តីពី សេរីភាពនៃសន្តិភាព និង សុខដុមនីយកម្ម ដោយបានគូរបញ្ជាក់ថា ក្រោយពីសង្គ្រាមរ៉ាំរ៉ៃជាច្រើនឆ្នាំ ប្រទេសជាតិមួយដែលមានតែបាតដៃទទេ តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសមួយនេះប្រែក្លាយខ្លួនជាប្រទេសដែលជាប់ចំណាត់ថ្នាក់ទី ៧ នៅក្នុងពិភពលោក ដែលមានការអភិវឌ្ឍលឿនបំផុត នឹងមានកំណើនសេដ្ឋកិច្ចជាង ៧ ភាគរយ ក្នុងរយៈពេលជាង ២០ ឆ្នាំចុងក្រោយនេះ។

លើសពីនេះ ក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឲ្យមានសុខដុមបនីយកម្មជាតិសាសន៍ បានបើកទូលាយសិទ្ធសេរីភាពជំនឿសាសនា ទោះបីព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដែលមានប្រជាជនកម្ពុជាលើសលុបគោរពប្រតិបត្តិ តែសាសនាដ៏ទៃទៀតត្រូវបានគាំពារ និងផ្តល់សិទ្ធសេរីភាពខាងជំនឿដោយពុំមានការរើសអើងជាតិសាសន៍ រួមរស់គោរពស្រឡាញ់គ្នាដោយសុខសន្តិភាព ក្នុងនោះសហគមន៍ឥស្លាមក៏ជាចំណែកមួយផងដែរ ដែលបានប្ដេជ្ញាសាមគ្គីគ្នាជាធ្លុងមួយ ដើរតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។

លោកអនុរដ្ឋលេខាធិការ បានឲ្យដឹងថា ក្រោមគោលនយោបាយប្រកបដោយសុខសន្តិភាព និងសុខដុមបនីយកម្មជាតិសាសន៍ ជាពិសេសសិទ្ធសេរីភាពយ៉ាងពេញលេញខាងជំនឿសាសនាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលមានក្រសួងធម្មការ និងសាសនា ជាសេនាធិការ ធ្វើឲ្យមេដឹកនាំថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាសនា នៃប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប្រុយណេ និងសិង្ហបុរី ហៅកាត់ថា MABIMS បានឯកភាពជាឯកច្ឆ័នក្នុងការបញ្ចូលកម្ពុជា តំណាងដោយ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាសមាជិក MABIMS ក្នុងគោលបំណងដើម្បីឲ្យកម្ពុជាកាន់តែមានភាពងាយស្រួលក្នុងការទំនាក់ទំនង រិតចំណងសាមគ្គីភាព ផ្លាស់ប្តូរបទពិសោធន៍ និងដោះស្រាយបញ្ហាកិច្ចការឥស្លាមទូទៅ។

តាមលក្ខន្តិកៈរបស់ MABIMS ប្រទេសជាសមាជិក មិនត្រូវជ្រៀតជ្រែកកិច្ចការនយោនបាយគ្នាទៅវិញទៅមក ដោយក្នុង១ឆ្នាំ មានកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ និងជំនួបថ្នាក់រដ្ឋមន្ត្រីកិច្ចការសាសនាក្រៅផ្លូវការ២ឆ្នាំម្តង ហើយនៅឆ្នាំ២០២០ ឥណ្ឌូណេស៊ីជាប្រធាន និងជាម្ចាស់ផ្ទះរង់ចាំទទួលស្វាគមន៍វត្តមានប្រតិភូកម្ពុជាផងដែរ៕