(ភ្នំពេញ)៖ ដោយអនុវត្តតាមគោលនយោបាយជាតិអេកូទេសចរណ៍ ដែលទើបប្រកាសដាក់ចេញនោះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជំរុញនិងលើកទឹកចិត្តឲ្យវិស័យឯកជន ជាពិសេសក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ទាំងឡាយ ត្រូវបង្កើនការនាំភ្ញៀវទេសចរទៅលេង នៅតាមគោលដៅសហគមន៍ទេសចរណ៍នានាឱ្យកាន់តែច្រើន។

ការអំពាវនាវយ៉ាងដូច្នេះរបស់លោករដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងពិធីបិទវេទិកាជាតិអេកូទេសចរណ៍លើកទី១ អមជាមួយពិធីប្រកាសដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍ (២០១៩-២០៣០) នាល្ងាចថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារហ្កាដិនស៊ិធី។

វេទិកាជាតិអេកូទេសចរណ៍នេះ ត្រូវបានលោករដ្ឋមន្ត្រីចាត់ទុកថាជាការជួបជុំថ្នាក់ជាតិដ៏ធំលើកដំបូងរវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន តំណាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស អង្គការជាតិអន្តរជាតិ និងដៃគូពាក់ព័ន្ធនានា ដែលធ្វើការពាក់ព័ន្ធនឹងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលបានរួមគ្នាពិភាក្សាផ្លាស់ប្តូរមតិយោបល់ និងទទួលយកនូវចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗក្នុងវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ សម្រាប់ជាអត្ថប្រយោជន៍ដល់ការអភិវឌ្ឍវិស័យកម្ពុជាទាំងមូល។

លោកថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា ពិតជាបានរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋាន ជាពិសេសជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងដំណើរការនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការផ្តល់សិទ្ធិអំណាចជូនពួកគាត់ក្នុងការរៀបចំចាត់ចែង និងអភិវឌ្ឍសហគមន៍របស់ខ្លួនដោយផ្ទាល ខណៈដែលវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍កំពុងមានសន្ទុះកំណើនគួរឲ្យកត់សម្គាល់ និងត្រូវបានពិភពលោកចាត់ទុកជាឧបករណ៍ដ៏មានប្រសិទ្ធភាព ក្នុងការជំរុញការអភិវឌ្ឍនៅមូលដ្ឋាន។

ជាមួយនឹងការអបអរសាទរដល់លទ្ធផលនៃអង្គវេទិកានេះ រដ្ឋមន្ត្រី ថោង ខុន បានប្រកាសដាក់ចេញនូវទិសដៅអនុវត្តបន្តមួយចំនួន៖

* ទី១៖ លោកបានស្នើឲ្យអង្គវេទិកាទាំងមូល ទាំងស្ថាប័នរដ្ឋ ឯកជន ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ សូមយកនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង៨ចំណុច របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានថ្លែងនាឱកាសបើកវេទិកាយកទៅពិចារណាអនុវត្តឲ្យបានហ្មត់ចត់ ដើម្បីជំរុញការអភិវឌ្ឍសហគមន៍នៅតាមមូលដ្ឋាន ក្នុងករណីចាំបាច់ សូមរាយការណ៍ទៅស្ថាប័នរៀងៗខ្លួន ដើម្បីរិះរកវិធីដោះស្រាយជារួម។

* ទី២៖ ជាមួយនឹងការដាក់ឲ្យអនុវត្តនូវគោលនយោបាយជាតិអេកូទេសចរណ៍ និងការដាក់ចេញនូវសេចក្តីថ្លែងការណ៍ស្តីពីការអភិវឌ្ឍសហគមន៍ និងអេកូទេសចរណ៍ លោករដ្ឋមន្ត្រីបានស្នើឲ្យអង្គវេទិកា ជាពិសេសជំនាញពាក់ព័ន្ធខាងវិស័យទេសចរណ៍ បរិស្ថាន កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈអភិបាលរាជធានី-ខេត្ត សូមយកស្មារតីនៃឯកសារគោលទាំងពីរទៅអនុវត្ត ដោយឈរលើស្មារតីរួមមួយជាក់លាក់ គឺជួយអភិវឌ្ឍសហគមន៍ទៅតាមជំនាញរៀងៗខ្លួន ពិសេសបង្កលក្ខណៈងាយស្រួយក្នុងការបញ្ចូលសកម្មភាពទេសចរណ៍ ទៅក្នុងសហគមន៍ដែលមានសក្តានុពល និងបន្តជួយសហគមន៍ដែលមានស្រាប់ បើទោះបីជាសហគមន៍នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង-ស្ថាប័នណាក៏ដោយ។

* ទី៣៖ ដើម្បីជំរុញការចូលរួមរបស់ភាគីពាក់ព័ន្ធ លោកបានស្នើឲ្យដៃគូអភិវឌ្ឍន៍ដែលធ្វើការពាក់ព័ន្ធនឹងសហគមន៍ ជាពិសេសអង្គការជាតិ-អន្តរជាតិ ដែលមានវត្តមានក្នុងអង្គវេទិកាចូលរួមកាន់តែសកម្មថែមទៀតជាមួយក្រសួងទេសចរណ៍ ក្នុងការជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងស្នើឲ្យមានជំនួបជាទៀងទាត់រវាងក្រសួងទេសចរណ៍ និងដៃគូពាក់ព័ន្ធខាងលើ បន្ថែមពីលើកិច្ចប្រជុំរបស់ក្របខណ្ឌក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដោយលទ្ធផលនៃជំនួបទាំងនេះ នឹងត្រូវយកមកពិភាក្សានាវេទិកាជាតិលើកទី២ នៅឆ្នាំក្រោយទៀត។

* ទី៤៖ លោកបានគាំទ្រ និងលើកទឹកចិត្តឲ្យវិស័យឯកជន ជាពិសេសក្រុមហ៊ុនទេសចរណ៍ ដែលនៅទីនេះមានលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគម CATA និងលោក ធួន ស៊ីណាន ប្រធានសមាគម PATA រៀបចំកញ្ចប់ទស្សនកិច្ច និងនាំភ្ញៀវទេសចរបន្ថែមទៀតទៅកាន់គោលដៅសហគមន៍ បើទោះបីជាសេវានៅសហគមន៍នៅមិនទាន់អាចឆ្លើយតបស្តង់ដាពេញលេញរបស់ភ្ញៀវទេសចរក៏ដោយ។

* ទី៥៖ លេខាធិការដ្ឋានក្រុមការងារអន្តរក្រសួង ត្រូវធ្វើរបាយការណ៍លទ្ធផលអំពីអង្គវេទិកានេះជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីលើកឡើងអំពីលទ្ធផលនៃអង្គវេទិកា និងស្នើសុំជាជម្រើសដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដែលសហគមន៍បានកំពុងជួបប្រទះ ក៏ដូចជាដើម្បីតាមដានការអនុវត្តការងារ សម្រាប់វេទិកាជាតិលើកទី២ នៅឆ្នាំក្រោយ៕