(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ពិធីជប់លៀងជាផ្លូវការជូនគណៈប្រតិភូ នៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១៩- កម្ពុជា ដែលរៀបចំនៅវិមានសន្តិភាពកម្ពុជា នារាត្រីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឆ្លុះបញ្ចាំងនូវចំណងមិត្តភាព សាមគ្គីភាពប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

សម្តេចតេជោ ហ៊ុន សែន បានសូមស្វាគមន៍ និងថ្លែងអំណរគុណភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីជប់លៀងដ៏មានអត្ថន័យនេះ ដើម្បីឆ្លុះបញ្ចាំងនូវចំណងមិត្តភាព សាមគ្គីភាពរវាងបញ្ហាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសគឺការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើតឱ្យមានការពិភាក្សារួមគ្នាជាមួយគ្រប់ជាតិសាសន៍ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខសន្តិភាព និងវិបុលភាព ដើម្បីភាពសុខដុមរមនា នៃប្រជាជននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោក ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា៖ ការជួបជុំទទួលទានអាហារនារាត្រីនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដែលប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មានឱកាសបានបង្កើនចំណងមិត្តភាព និងទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធ ជាពិសេសគឺការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក រួមគ្នាថែរក្សានូវគុណតម្លៃសកល និងសុខសន្តិភាពសម្រាប់តំបន់ និងពិភពលោក ដោយប្រកាន់ភ្ជាប់នូវការគោរព និងការយោគយល់គ្នា ព្រមទាំងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ទាំងបច្ចុប្បន្ន និងទៅអនាគត។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ ត្រូវបានប្រកាសបើកដំណើរការនៅកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ កិច្ចប្រជុំនេះ ប្រារព្ធឡើងក្រោមប្រធានបទ «ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល»។ កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកធ្វើឡើង ដើម្បីពង្រឹងភាពជាដៃគូ រវាងរដ្ឋាភិបាល និងសង្គមស៊ីវិលផង ហើយដែលមានខ្លឹមសារស្នូល ដើម្បីសន្តិភាព និងការអភិវឌ្ឍ ការប្រែប្រួលអាកាសធាតុ និងជម្លោះ និងដំណោះស្រាយក្នុងគ្រាសំខាន់៕