(ហុងកុង)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវក្រុមប៉ះម្ចាស់ផ្ទះហុងកុង ក្នុងប្រកួតជើងទី២ វគ្គសន្សំពិន្ទុប្រចាំពូល C នៃព្រឹត្តិការណ៍ FIFA World Cup 2022 នាម៉ោង ៧៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះក្នុងជុំទី២ ប្រចាំទ្វីបអាស៊ី បានចាប់ផ្តើមហើយ។

បន្ទាប់ពីបញ្ចប់ការប្រកួតលក្ខណៈមិត្តភាពជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលី ក្នុងលទ្ធផល ១-១ កាលពីសប្តាហ៍មុននៅពហុកីឡដ្ឋានជាតិរួចមក ក្រុមគោព្រៃកម្ពុជា បន្តជួបក្រុមម្ចាស់ផ្ទះហុងកុងនៅយប់ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងការប្រកួតទី៥ នៃវគ្គសន្សំពិន្ទុប្រចាំពូល C វគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022 ជុំទី២ ផងដែរ គ្រាដែលកម្ពុជា ទើបតែរកបាន១ពិន្ទុ គ្រាដែលគូប្រជែងហុងកុង រកបាន២ពិន្ទុឈរនៅលេខ៤ ក្នុងចំណោម ៥ក្រុមដែលស្ថិតក្នុងពូល C ជាមួយគ្នារួមមាន ហុងកុង កម្ពុជា បារ៉ែន អ៊ីរ៉ាក់ និងអ៊ីរ៉ង់។

គួររំលឹកផងដែរថា កាលពីប្រកួតជើងទី១ នៅក្នុងទឹកដីកម្ពុជា គឺបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ និងគិតត្រឹមពេលនេះ កម្ពុជាស្ថិតនៅបាតតារាង ដោយមានតែ ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឆ្លងកាត់ ៤ប្រកួត ក្នុងនោះចាញ់ ៣ដង និងស្មើ១ដង និងជាការជួបគ្នាលើកទី៧ ផងដែរគិតចាប់តាំងពីឆ្នាំ១៩៥៧ មក គ្រាដែលកម្ពុជាធ្លាប់ចាញ់ ៥ដង និងស្មើ ១ដងតែប៉ុណ្ណោះ មិនដែលឈ្នះ។

នេះគឺជាការប្រកួតក្រៅដីជាលើកទី២ ក្រោមការដឹកនាំដោយគ្រូបង្គោល Felix Dalmas និងអ្នកចាត់ការទូទៅ Keisuke Honda ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា បន្ទាប់ពីការប្រកួតក្រៅដីលើកដំបូង គឺបានចាញ់ក្រុមជម្រើសជាតិអ៊ីរ៉ង់ ដល់ទៅ ១៤-០ កាលពីថ្ងៃទី១០ ខែតុលាកន្លងទៅ៕