(មណ្ឌលគិរី)៖ ជនជាតិព្នងម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែង ដោយសារជនរងគ្រោះរូបនេះ យកគ្រាប់ផាវចំនួន៣០គ្រាប់ ទៅច្នៃសម្រាប់បោកយកត្រី ប៉ុន្តែខុសបច្ចេកទេសផ្ទុះស្លាប់ខ្លួនឯងនៅក្នុងថ្លុកឈាមមួយរំពេច។

ហេតុការណ៍នេះ បានកើតឡើងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

លោក ប៊ូ ប៊ុនឈាត អធិការស្រុកអូររាំង បានប្រាប់នៅមុននេះបន្តិចថា អ្នករងគ្រោះសពឈ្មោះ ព្យើល ព្លើន ជនជាតិព្នង ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិកើតហេតុខាងលើ។ ជនរងគ្រោះបានយកផាវមូលប៉ុនៗមេដៃចំនួន៣០គ្រាប់ ទៅដាក់ក្នុងកំប៉ុងរួចយកកាំបិទមកដំផាវនោះបញ្ចូលគ្នា បំណងយកទៅគប់យកត្រីមកធ្វើអាហារ។

លោកបន្តថា ខណៈពេលកំពុងដុំផាវនោះ ក៏ខុសបច្ចេកទេសផ្ទុះខ្ទាតកាំបិទមកជុងគ្រាប់ភ្នែក ដាច់ប្រអប់ដៃ ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងនគរបាលស្រុកអូររាំង បានធ្វើការស្រាវជ្រាវពិនិត្យលើករណីនេះ ហើយពិតជាបង្កឡើងដោយការច្នៃផាវខុសបច្ចេកទេស បណ្តាលឲ្យផ្ទុះស្លាប់ពិតមែន។

ដោយសារគ្រួសារសពមានការខ្វះខាតផងនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក សៀក មុន្នី អភិបាលស្រុកអូររាំង កំពុងដឹកនាំចាត់ចែងយកសពទៅធ្វើបុណ្យ នៅវត្តអូររាំងតាមប្រពៃណី៕