(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកានេះ បានដឹកនាំគណៈប្រតិភូ ចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀង សម្រាប់អនុវត្តបទប្បញ្ញតិ្ត នៃអនុសញ្ញាសហប្រជាជាតិ ស្ដីពី «ច្បាប់សមុទ្រ» ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ ជាមួយគណៈកម្មការទី៣ នៃរដ្ឋសភា ដែលមានលោក ជា វ៉ាន់ដេត ជាប្រធាន និងគណៈកម្មការទី៥ នៃរដ្ឋសភា ដែលមានលោកឈាង វុន ជាប្រធាន។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យដាក់ឆ្លងគណៈកម្មការទី៣ និងទី៥ នៃរដ្ឋសភា នូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀង សម្រាប់អនុវត្តបទប្បញ្ញតិ្តនៃអនុសញ្ញាសហប្រជាជាតិស្ដីពី ច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ។

លោករដ្ឋមន្ត្រី បានជម្រាបជូននូវប្រវត្តិសង្ខេប អត្ថប្រយោជន៍ និងគោលបំណងសំខាន់នៃ កិច្ចព្រមព្រៀងនេះ គឺដើម្បីធានានូវការប្រើប្រាស់ និងអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយប្រកបដោយចីរភាព តាមរយៈការអនុវត្តបទប្បញ្ញត្តិពាក់ព័ន្ធ នៃកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព ដោយផ្តោតលើគោលការណ៍គ្រឹះមានជាអាទិ៍៖ ទី១៖ អនុម័តវិធានការនានា ដើម្បីធានានិរន្តរភាពយូរអង្វែងនៃប្រភេទត្រីពាក់ព័ន្ធ និងរក្សាការប្រើប្រាស់ឱ្យបានប្រសើរបំផុត, ទី២៖ ការពារជីវៈចម្រុះនៅក្នុងបរិស្ថានសមុទ្រ, ទី៣៖ ចាត់វិធានការ ដើម្បីទប់ស្កាត់ ឬលុបបំបាត់ការនេសាទហួសកម្រិត និងសមត្ថភាពធ្វើនេសាទលើសលប់, ទី៤៖ ប្រមូល និងចែករំលែកទាន់ពេលវេលានូវទិន្នន័យ ស្តីពី សកម្មភាពនេសាទរួមទាំងទីតាំងរបស់នាវា ព្រមទាំងផលចាប់ទាំងប្រភេទគោលដៅ និងមិនមែនជាប្រភេទគោលដៅ និងសមត្ថភាពនេសាទ និងទី៥៖ អនុវត្ត និងជំរុញវិធានការគ្រប់គ្រង និងអភិរក្ស តាមរយៈការតាមដាន ត្រួតពិនិត្យ និងការអង្កេតប្រកបដោយប្រសិទ្ធភាព។

ជាលទ្ធផលក្រោយពីបានពិនិត្យ និងពិភាក្សាប្រកបដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ពី លោកប្រធាន អនុប្រធាន ព្រមទាំងលោក, លោកស្រី តំណាងពីគណៈកម្មការទាំង១០ នៃរដ្ឋសភា បានញ៉ាំងឱ្យកិច្ចប្រជុំ និងសេចក្ដីព្រាងច្បាប់នេះត្រូវបានគាំទ្រ និងយល់ទទួលយកដាក់ជូនសម័យប្រជុំពេញអង្គនៃ រដ្ឋសភានាពេលខាងមុខ ដើម្បីផ្តល់លទ្ធភាពជូនរាជរដ្ឋាភិបាល រៀបចំផែនការការងារ ក្នុងការថែរក្សា អភិរក្សធនធានមានជីវិត និងប្រព័ន្ធអេកូឡូស៊ីក្នុងដែនសមុទ្រកម្ពុជាឱ្យមាននិរន្តរភាព។

ជាពិសេសការអភិវឌ្ឍវិស័យជលផលនៅកម្ពុជា ក្នុងបរិបទនៃសាកលភាវូបនីយកម្ម ឆ្លើយតបទៅនឹងគោលនយោបាយ កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងវិស័យកសិកម្មស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដ៏ត្រចះត្រចង់របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងសម្រាប់អនុវត្តបទប្បញ្ញតិ្តនៃ អនុសញ្ញាសហប្រជាជាតិស្ដីពី ច្បាប់សមុទ្រចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយមាន១៣ផ្នែក និង៥០មាត្រា ហើយសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពី ការអនុម័តយល់ព្រមឱ្យកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងនេះ ត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចយល់ព្រម ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ដើម្បីបញ្ជូនទៅសុំអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិតាមនីតិវិធីបន្ត៕