(ភ្នំពេញ)៖ ក្នុងឱកាសប្រកបដោយមហាកិត្តិយសដ៏ឧត្ដុង្គឧត្ដមដែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីអង្គការសហព័ន្ធសន្តិភាពសកល (UPF)» សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា សូមគោរពជូនពរ និងអបរអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូន ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី។

សម្តេច សាយ ឈុំ បានមានប្រសាសន៍ថា តាងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរដ៏ស្មោះស្ម័គ្របំផុតជូនសម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រកបដោយមហាកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលសម្តេច ទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីសហព័ន្ធសន្តិភាពសកល នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការទទួលពានរង្វាន់នេះ ជាមហាកិត្តិយសដ៏ថ្លៃថ្លាឧត្តុង្គឧត្តមបំផុតសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងស័ក្តិសមបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជា ដែលមានភាពជាអ្នក
ដឹកនាំដ៏ឈ្លាសវៃបំផុត ក្នុងការដឹកនាំប្រទេសកម្ពុជា ទទួលបាននូវ សន្តិភាពពេញលេញ ស្ថិរភាព ឯករាជ្យភាពអបតេយ្យភាព ហើយបាននឹងកំពុងបន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់កម្ពុជាឲ្យកាន់តែរីក ចម្រើនរុងរឿង ខ្លាំងក្លាថែមទៀត ដូចបណ្តាប្រទេសជឿនលឿនដទៃទៀត។ សម្តេចជាអគ្គមគ្គទេសក់ និងជាអ្នកការទូតដ៏ឆ្នើមបំផុតក្នុងការកសាងទំនាក់ទំនងនិងសហប្រតិបត្តិការដ៏ទូលំទូលាយជាមួយ បណ្តាប្រទេសនៅក្នុងតំបន់ និងសកលលោកធ្វើឱ្យកម្ពុជាទទួលបានកិត្យានុភាពជាតិខ្ពង់ខ្ពស់ នៅលើឆាកអន្តរជាតិ។

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ ខ្ញុំសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់របស់សម្តេច សូមទទួលបាននូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕