(តាកែវ)៖ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងត្រួតពិនិត្យកន្លែង ធ្វើការងាររបស់មន្ដ្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលអង្គតាសោម ស្ថិតក្នុងភូមិត្នោតខាងកើត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានការចូលរួមពីលោកមេឃុំ អធិការ អធិការរង មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្រ្តីសាលាឃុំជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវតែបន្ដក្ដោបក្ដាប់ សភាពការណ៍ក្នុងមូលដ្ឋាន ហើយបើមានការប្រមូលផ្ដុំណាមួយពាក់ព័ន្ធ ចលនាខុសច្បាប់ ត្រូវចាត់ការតាមផ្លូវច្បាប់ជាធរមាន។ លោកសង្កត់ធ្ងន់ថា សមត្ថកិច្ចត្រូវតែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ស្នងការ ណែនាំដល់កងកម្លាំងនគរបាលទាំងអស់ផងដែរ ត្រូវតែយកចិត្តទុកដាក់ និងគោរពតាមអនុសាសន៍ណែនាំរបស់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានធ្វើការផ្សព្វផ្សាយកន្លងទៅ៕