(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ញើសារលិខិតមួយថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដើម្បីសុំព្រះបរមរាជានុញ្ញាត ចូលរួមរំលែកនូវព្រះមរណទុក្ខ ប្រកបដោយអនិច្ចលក្ខណធម៌ជ្រាលជ្រៅ ចំពោះការសុគតរបស់ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។

ក្នុងលិខិតរបស់ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានសរសេរថា៖ «ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានសេចក្តីរន្ធត់ចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ព្រឹទ្ធាចារ្យសិល្បៈសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសុតតកាលពីថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព. ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១២: ៣០នាទី ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ»

ការសុគតរបស់ ព្រឹទ្ធាចារ្យសិល្បៈសក្លេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់ដ៏ធំធេងបំផុតនូវតួអង្គដ៏ឆ្នើម ដែលចូលរួមចំណែកអភិរក្ស និងអភិវឌ្ឍវិស័យវប្បធម៌ខ្មែរ ឱ្យមានកេរ្តិ៍ឈ្មោះល្បីរន្ទូទាំងសកលលោក ក្នុងឋានៈសម្តេចរាជបុត្រីព្រះរៀម ជារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រឹទ្ធាចារ្យ សិល្បៈទេពនាងវដ្ដីឯក តាំងពីសម័យសង្គមរាស្ត្រនិយម ហើយសម្តេច ក៏បានបូជាព្រះកាយពល និងព្រះបញ្ញាញាណរហូតសម្រេចបានការចុះបញ្ជី “ របាំព្រះរាជទ្រព្យ ” ជាសម្បត្តិបេតិកភណ្ឌវប្បធមិអរូបីនៃមនុស្សជាតិក្នុងឆ្នាំ២០០៣។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមចូលរួមចែករំលែកនូវព្រះមរណទុក្ខជាមួយ សម្តេចព្រះវររាជមាតា ដោយសេចក្តីសង្ខតជាទីបំផុត និងសូមវន្នីឧទ្ទិសបួងសួងព្រះវិញ្ញាណក្ខន្ធរបស់ ព្រឹទ្ធាចារ្យសិល្បៈសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី បានយាងទៅកាន់ព្រះសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចព្រះវររាជមាតាជាអម្ចាស់ជាទីគោរពសក្ការៈ ទ្រង់ស្ដេចទទួលនូវអភិវន្ននកិច្ច និងកតញ្ញូកតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំយើងខ្ញុំ»៕

ខាងក្រោមនេះជាលិខិតរបស់ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា៖