(កំពង់ធំ)៖ លោក គង់ សុភា អភិបាលរងស្រុកសណ្តាន់ បានថ្លែងថា ការចូលរួមលើកកម្ពស់អនាម័យ និងបរិស្ថាននៅក្នុងសហគមន៍ ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសការប្រមូលសំរាម នៅតាមសាលារៀន នៅតាមផ្ទះ តាមដងផ្លូវសាធារណៈ ក៏ដូចជារមណីយដ្ឋាន និងកន្លែងផ្សេងៗទៀត ព្រោះសំរាម និងកាកសំណល់ជាច្រើន អាចជាប្រភពជំងឺ និងមេរោគ ដែលអាចប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងការលូតលាស់របស់រុក្ខជាតិ។

លោក គង់ សុភា បានលើកឡើងយ៉ាងដូចនេះ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារ សហការជាមួយនឹងអង្គការអាដ្រា ប្រចាំខេត្តកំពង់ធំ រៀបចំកម្មវិធីស្វែងយល់អំពីអនាម័យ និងបរិស្ថាន ដោយមានការជួយឧបត្ថម្ភគាំទ្រពីអង្គការអាដ្រាកម្ពុជា គម្រោងអោប (លើកកម្ពស់សុខភាពម្តាយ និងទារក) នៅភូមិស្រែវាលកើត ឃុំ ដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ភូមិ ឃុំ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាង៣០០នាក់។

លោក គង់ សុភា បានបញ្ជាក់ទៀតថា ប្រសិនបើផ្ទះស្អាត ភូមិស្អាត ធ្វើឲ្យមានសុខភាពល្អ ចៀសផុតពីជំងឺដង្កាត់ផ្សេងៗបានមួយកម្រិត ហើយម្យ៉ាងវិញទៀត នៅតាមតំបន់រមណីយដ្ឋាននានា ក៏អាចជួយទាក់ទាញភ្ញៀវទេសចរ ចូលមកកំសាន្ត និងអាចធ្វើឲ្យជីវភាពប្រជាពលរដ្ឋ ប្រសើរឡើងបានមួយកម្រិតផងដែរ។

លោក គង់ សុភា ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវលាងដៃឱ្យបានស្អាតជារៀងរាល់ថ្ងៃ មុនពេលញ៉ាំអាហារ និងក្រោយពីចេញពីបង្គន់ ហើយត្រូវញ៉ាំទឹក សុវត្ថិភាពគ្រប់ពេល និងគ្រប់ទីកន្លែង សម្អាតបរិស្ថានជុំវិញផ្ទះ ភូមិ និង ចូលរួមសម្អាតបរិស្ថាននៅតាមទីសាធារណៈ ដូចជាចូលរួមកាត់បន្ថយការចោលសំរាម ពាសវាលពាសកាល ហើយលោកក៏បានអំពាវនាវ ដល់ ប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ នៅឱ្យអាចឆ្ងាយពីគ្រឿងញៀន ដើម្បីសុខភាពរបស់ខ្លួន និងប្រទេសជាតិ មានការរីកចម្រើន។

លោក កែន ចំរើន អនុប្រធាន អង្គការអាដ្រាគម្រោងអោប ប្រចាំស្រុកសណ្តាន់ បានលើកឡើងថា កម្មវិធីស្វែងយល់អំពីអនាម័យ និងបរិស្ថាន មានគោលបំណង សំខាន់ៗ រួមមាន៖ ផ្ដល់ចំណេះដឹងដោយបង្ហាញពីបញ្ហាដែលបណ្ដាលមកពីអនាម័យ និងបរិស្ថានមិនល្អនៅក្នុងសហគមន៍គោលដៅ នៃស្រុកសណ្ដាន់ ខេត្តកំពង់ធំ, លើកទឹកចិត្តសហគមន៍ ឲ្យផ្លាស់ប្ដូរអាកប្បកិរិយា មានសុខភាពល្អនិងរុងរឿងនាពេលអនាគត, កំណត់និងគ្រប់គ្រងកាកសំណល់ ដើម្បីការពារការឆ្លងមេរោគផ្សេងៗ, អ្នកចូលរួមយល់យ៉ាងច្បាស់លាស់អំពីរបៀបលាងដៃឲ្យបានត្រឹមត្រូវមុនពេលចម្អិនអាហារ មុននិងក្រោយបំបៅទារក និងបន្ទាប់ពីលាងសម្អាតរន្ធគូថ ឬបន្ទាប់ចេញពីបង្គន់៕