(ភ្នំពេញ)៖ មេចុងភៅឆ្នើមកម្ពុជា លោក លូ ម៉េង ដែលជាម្ចាស់ភោជនីយដ្ឋាន យ៉ីសាង និងជាប្រធានក្រុមហ៊ុន អលម៉ុនគ្រុប បានច្នៃមុខម្ហូបថ្មីជាច្រើនមុខ ឱ្យសាកសមជាមួយនិងប្រភេទស្រាល្បីៗរបស់ប្រទេសបារំាង ក្នុងឱកាសនោះបានលើកយក មុខម្ហូប ញាំគមដូងជាមួយបង្គាបំពង អំបុកបែបខ្មែរ លាយជីគ្រប់មុខ និងស៊ុបចំហុយសាច់កំភួនជ្រូក ជាមួយផ្កាដំបងយក្ស បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិ-អន្ដរជាតិ ក្នុងកម្មវិធី Grand Tasting & Wine Dinner នៅភោជនីយដ្ឋាន Yisang The Garden។

លោក លូ ម៉េង បានថ្លែងឱ្យដឹងថា ដើម្បីជាការស្វាគមន៍នូវម្ចាស់ផលិតស្រា ក៏ដូចជាក្រុមហ៊ុន ផលិតស្រាល្បីប្រចាំប្រទេសបារំាង អញ្ជើញមក នឹងនាំយកនូវប្រភេទស្រាថ្មីៗរសជាតិឈ្ងុយឆ្ងាញ់ ល្អសម្រាប់សុខភាព មកកម្ពុជាយើង លោកបានបានច្នៃមុខម្ហូបចំនួន៨មុខ ដើម្បីផ្គូរផ្គងជាមួយនឹងប្រភេទស្រាល្បីៗទាំងនេះ។

លើសពីនោះ លោកបន្ដថា «អាហារកាន់តែមានរសជាតិឆ្ងាញ់ ពេលដែលយើងផ្គូរផ្គងជាមួយប្រភេទស្រា ដែលសាកសមរសជាតិនឹងគ្នា ដូច្នេះយើងក៏បានច្នៃមុខបែបខ្មែរ-ចិន ដើម្បីពិសាជាមួយស្រាបារំាង។ សម្រាប់គ្រឿងផ្សំ គឺចម្រាញ់យកគ្រឿងទេសលេខមួយរបស់ខ្មែរយើងតែម្ដង រួមជាមួយគ្រឿងសមុទ្រ សាច់ ធម្មជាតិ រសជាតិឈ្ងុយឆ្ងាញ់ ដែលពិសាទៅល្អសម្រាប់សុខភាពបំផុត»។

ជាងនេះទៅទៀត លោកបញ្ជាក់ថា ការជ្រើសរើសប្រភេទស្រា មកពិសាពិតជាសំខាន់ណាស់ ព្រោះថាបើស្រាក្លែងក្លាយ អន់គុណភាព ពេលពិសាទៅ នឹងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពថ្លើម ក្រពះ បេះដូងជាដើម។ ដូច្នេះ ការជ្រើសរើសស្រាមកពិសា ត្រូវពិនិត្យមើលឱ្យបានត្រឹមត្រូវទាំងកាលកំណត់ ប្រភពផលិតច្បាស់លាស់ ពីប្រទេសជំនាញ ហើយពេលពិសា កំណត់បានត្រឹមត្រូវ មិនច្រើនហួសពេក វានឹងជួយធ្វើឱ្យសុខភាពយើងល្អមួយចំណែកផងដែរ ។

ជាក់ស្ដែងដូចស្រាក្រហម និងប្រភេទស្រាមួយចំនួនទៀត ដែលបារាំងបាននាំចូលមកនេះ គឺសុទ្ធតែចម្រាញ់ពីផ្លែឈើធម្មជាតិស្រស់ រសជាតិឈ្ងុយឆ្ងាញ់ និងល្អសម្រាប់សុខភាព។

មេចុងភៅឆ្នើមរូបនេះ បានថ្លែងបន្ដថា នេះជាលើកទី២ហើយ ដែលបានរៀបចំកម្មវិធី Grand Tasting & Wine Dinner នៅកម្ពុជា ដែលបាននាំចូលស្រាជាច្រើនប្រភេទ ដោយម្ចាស់ផលិតស្រាពីប្រទេសបារំាងដោយផ្ទាល់ និងបានរៀបចំម្ហូបជាច្រើនមុខ ឱ្យសាកសមជាមួយនឹងរសជាតិស្រាល្បីៗទាំងនេះ។

មុខម្ហូបមានដូចជា៖ ញាំគមដូងជាមួយបង្គាបំពង និងអំបុកបែបខ្មែរ និងជីគ្រប់មុខ, ប្រហិតទាខ្វៃ និងទឹកជ្រលក់ផ្សិត, គ្រឿងសមុទ្របំពង ញាត់ផ្កាកាឆាយ និងទឹកជ្រលក់ទឹកឃ្មុំ, ជ្រូកគូលែនខ្វៃ និងនំប៉ាវ, ស៊ុបចំហុយសាច់កំភួនជ្រូក និងផ្កាដំបងយក្ស, ខមាន់ស្រែ ជាមួយសណ្តែក៨ប្រភេទ, ឆាសាឡាដអាយស្បឺត និងសណ្តែកសៀងខ្មៅ, ចំហុយត្រីជាមួយត្រចៀកកណ្តុរខ្មៅ និងស ជាមួយពុទ្រាក្រហម រួមទាំងបង្អែម កាមៅថង ជាមួយការ៉េមចេកផងដែរ៕