(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសវនាការជាមួយលោក ហេនរី វ៉ាន់ធៀ អនុប្រធានាធិបតី នៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ខណៈដែលលោក ដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំកំពូល អាស៊ី-ប៉ាស៊ីហ្វិក នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា និងលោក ហេនរី វ៉ាន់ធៀ បានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរ ដែលមានតំាងពីយូរណាស់មកហើយ។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងមីយ៉ាន់ម៉ា គឺមានទំាងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ និងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ហើយប្រទេសទំាងពីរបានគំាទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ។

លោក ហេនរី វ៉ាន់ធៀ បានលើកឡើងថា ដើម្បីឲ្យទំនាក់ទំនងនេះ កាន់តែរឹងមាំថែមទៀត កម្ពុជា និងមីយ៉ាន់ម៉ា ត្រូវជំរុញឲ្យការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នា ទៅវិញទៅមកនៅគ្រប់កម្រិត។ លោកអនុប្រធានាធិបតី បានអបអរសាទរ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល អាស៊ី-ប៉ាស៊ីហ្វិក ទទួលបានជោគជ័យ ហើយប្រទេសមីយ៉ាន់ម៉ា នឹងទទួលធ្វើម្ចាស់ផ្ទះកិច្ចប្រជុំនេះបន្តពីកម្ពុជា នៅឆ្នាំ២០២០ខាងមុខ។

សម្តេចពញាចក្រី ហេង សំរិន បានចាត់ទុកវត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ានៅកម្ពុជា បានឆ្លុះបញ្ចាំងឲ្យឃើញ ពីវឌ្ឍនភាពរីកចម្រើន នៃទំនាក់ទំនងមិត្តភាព ស្អិតរមួត និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទំាងពីរ កម្ពុជា-មីយ៉ាន់ម៉ា ទំាងពេលបច្ចុប្បន្ន និងអនាគត។

សម្តេចពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ការបន្តថែរក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាទ្វេភាគី និងក្នុងក្របខ័ណ្ឌសហគមអាស៊ាន ពិតជាមានសារសំខាន់ នៅក្នុងកាលៈទេសៈបច្ចុប្បន្ន និងទៅអនាគត នៅចំពោះមុខសភាពការណ៍សកលលោក កំពុងមានការប្រែប្រួលវិវត្តឥតឈប់ឈរ។

សម្តេចបានលើកឡើងថា រដ្ឋសភាកម្ពុជា គាំទ្រ និងពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី ដែលរដ្ឋាភិបាលប្រទេសទាំងពីរ បានអនុវត្តជាមួយគ្នា យ៉ាងសកម្មទាំង នៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បីនំាមកនូវឧត្តមប្រយោជន៍ សម្រាប់ប្រជាជាតិទំាងសងខាង និងរួមចំណែកដល់ការថែរក្សា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍទំាងក្នុងតំបន់ និងសកលលោកផងដែរ។

ជាមួយគ្នានេះ សម្តេចពញាចក្រី ហេង សំរិន បានកោតសរសើរថ្នាក់ដឹកនាំមីយ៉ាន់ម៉ា ចំពោះកិច្ចខិតខំស្វែង រកដំណោះស្រាយនយោបាយផ្ទៃក្នុងរួម ដើម្បីនាំមកនូវការបង្រួបបង្រួមជាតិ៕