(ភ្នំពេញ)៖ ក្នុងជំនួបទ្វេភាគីរវាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាមួយលោក ថាបាង ម៉ាកវីឡា (Thabang Makwetla) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងអតីតយុទ្ធជន នៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង បានអំពីគោលបំណងធ្វើទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ជាមួយព្រះរាជាណាចក្រកម្ពុជា លើវិស័យការពារជាតិ និងវិស័យផ្សេងៗដ៏ទៃទៀត រវាងកម្ពុជា និងអាហ្រ្វិកខាងត្បូង។

ការបង្ហាញក្តីគោលបំណងធ្វើទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ បានធ្វើឡើងនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងឱកាសដែលបានមកចូលរួមទស្សនា ការតាំងពិព័រណ៍សន្តិសុខ និងការពារជាតិ ដែលបានរៀបចំឡើងដោយក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ នៅទីក្រុងបាងកក។

លោក ថាបាង ម៉ាកវីឡា បានបញ្ជាក់ថាប្រទេសកម្ពុជា និងអាហ្រ្វិកខាងត្បូង គឺមានទំនាក់ទំនងការទូតជាមួយគ្នារយៈពេល២៥ឆ្នាំមកហើយ ប៉ុន្តែប្រទេសទាំងពីរ មិនបានអនុវត្ត ឬជំរុញកិច្ចសហប្រតិបត្តិការឱ្យមានផលប្រយោជន៍ដល់ប្រទេសទាំងពីរនៅឡើយទេ។

តាមរយៈជំនួបនោះលោកអនុរដ្ឋមន្ត្រីការពារជាតិអាហ្វ្រិកខាងត្បូង បានស្នើសុំសម្ដេចពិជ័យសេនា បន្តជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរួមគ្នារវាងប្រទេសទាំងពីរ ក្នុងនោះរួមមានទាំងវិស័យការពារជាតិផងដែរ ដើម្បីផលប្រយោជន៍ប្រទេស និងប្រជាជនប្រទេសទាំងពីរ កម្ពុជា និងសាធារណរដ្ឋអាហ្វ្រិកខាងត្បូង។

ឆ្លៀតក្នុងឱកាសនោះ លោក ថាបាង ម៉ាកវីឡា បានលើកឡើងអំពីឧស្សាហកម្មយោធា ដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំង នៅអាហ្រ្វិកខាងត្បូង ដែលក្នុងនោះរួមមានទាំងឧបករណ៍ សម្ភារៈ ដោះបំផ្លាញគ្រាប់មីនផងដែរ។

មានមតិឆ្លើយវិញសម្តេចពិជ័យសេនា ទៀ បាញ់ បានសម្ដែងនូវក្តីសោមន្សរីករាយ ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា និងអាហ្រ្វិកខាងត្បូង។

សម្ដេចពិជ័យសេនា បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានមជ្ឈមណ្ឌលហ្វឹកហ្វឺន សម្រាប់ដោះមីន ដែលបានដើតួនាទីយ៉ាងសំខាន់ ក្នុងការដោះបំផ្លាញគ្រាប់មីន បានបន្សល់ទុកនៅកម្ពុជាកាលពីសម័យសង្រ្គាម។ តាមរយៈជំនួបទ្វេភាគីនោះ សម្តេចពិជ័យសេនា ទៀ បាញ់ និងលោក ថាបាង ម៉ាកវីឡា បានយល់ស្របគ្នាថានឹងចាប់ផ្តើមពង្រឹងទំនាក់ទំនងកិច្ចសហការជាមួយគ្នារវាងកម្ពុជា និងសាធារណរដ្ឋអាហ្វ្រិកខាងត្បូង៕