(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ដើម្បីឱ្យពិភពលោកមានសន្តិភាពយូរអង្វែង និងរឹងមាំចាំបាច់ត្រូវមានសន្តិភាពគ្រួសារ សន្តិភាពសហគមន៍ និងសន្តិភាពក្នុងសង្គមជាតិជាមុនសិន។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព ប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីបទពិសោធន៍កម្ពុជា ក្នុងការស្វែងរកសន្តិភាព ដើម្បីឆ្លើយតបនឹងប្រធានបទកិច្ចប្រជុំគឺ «ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះ នាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល»។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា៖ «ដើម្បីឱ្យពិភពលោកមានសន្តិភាពយូរអង្វែង និងរឹងមាំចាំបាច់ត្រូវមានសន្តិភាពគ្រួសារ សន្តិភាពសហគមន៍ និងសន្តិភាពក្នុងសង្គមជាតិជាមុនសិន»

សម្តេចបានថ្លែងបន្តថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល សង្គមស៊ីវិល និងស្ថាប័នឯកជន បន្តធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងបញ្ហាប្រឈមសកលរួមមាន៖ ១៖ ភាពជ្រុលនិយមនិងចលនាជ្រុលនិយម ២៖ ការគាំពារនិយម និងឯកតានិយម ៣៖ ការប្រែប្រួលធាតុអាកាស ៤៖ ឧក្រិដ្ឋកម្មឆ្លងដែននិងការជួញដូរមនុស្ស ៥៖ ការគំរាមសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត និង ៦៖ វិសមភាពសង្គម- សេដ្ឋកិច្ច រួមទាំងវិសមភាពយេនឌ័រ៕