(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យលោក រ៉េនុល អ៊ុលឡោច អនុប្រធានាធិបតី និងជារដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ប្រទេសប៉ាឡាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះ ត្រូវបានធ្វើឡើងនៅវិមានសន្ដិភាព។

លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ឲ្យដឹងថា ក្នុងជំនួបនោះ លោក រ៉េនុល អ៊ុលឡោច បានសម្ដែងនូវការរីករាយខ្លាំង ដែលបានមកចូលរួម នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនេះ ហើយក៏ជាឱកាសដែលលោក បានស្គាល់ប្រទេសកម្ពុជា ដែលបានចាត់ទុកថាជាប្រទេសល្អ ដែលមានសភាពស្អាត។

លោកបានបន្តថា ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត ជាមួយគ្នាយូរមកហើយ ប៉ុន្តែហាក់ដូចជាមិនសូវមាន សកម្មភាពជាមួយគ្នា ដោយសារតែយើងនៅឆ្ងាយពីគ្នា។ លោកបានយល់ថា ការអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះ នឹងបើកទំព័រថ្មីមួយរវាងកិច្ចសហប្រតិបត្តិការ ប្រវត្តិសាស្រ្ត នៃប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបវិញដោយឯកភាពថា នេះគឺជាឱកាសដែលកម្ពុជា-ប៉ាឡាវ អាចចាប់ផ្ដើមទំនាក់ទំនង ក៏ដូចជា កិច្ចសហប្រតិបត្តិការដែលអាចធ្វើឲ្យ ស្របនឹងអ្វីដែលមានស្រាប់។ សម្ដេចបានផ្ដួចផ្តើមគំនិតថា គួរតែមានការចុះអនុស្សរណៈលើការយោគយល់គ្នាមួយ ស្តីពីការពិគ្រោះយោបល់រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ ដើម្បីឲ្យក្រសួងនៃប្រទេសទាំងពីរ រិះរកវិស័យណាដែលអាចធ្វើកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងគ្នា។

សម្តេចតេជោនាយករដ្ឋមន្ដ្រី បានបន្តថា ជំហានបន្ទាប់ គឺអាចចុះ MoU ស្តីពីការលើកលែងទិដ្ឋការសម្រាប់លិខិតឆ្លងដែនការទូត និងឆ្លងដែនផ្លូវការ ហើយបន្ទាប់មកអាចចុះហត្ថលេខាលើកិច្ច ការពារពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ។ តាមរយៈជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំផ្ញើ ដើម្បីអញ្ជើញប្រធានាធិបតី និងលោកជំទាវទីមួយប៉ាឡាវ មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា តាមពេលវេលាសមស្របណាមួយ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា កម្ពុជា-ប៉ាឡាវ គួរតែចាប់ផ្ដើមដំបូង លើកិច្ចសហប្រតិបត្តិបាយ និងការវិនិយោគ ហើយកម្ពុជា ក៏អាចមានផលិតផលខ្លះ អាចនាំទៅកាន់ទីផ្សារប្រទេសប៉ាឡាវបានដែរ។ សម្ដេចក៏បានសម្តែងពីបំណងប្រាថ្នា បំពេញទស្សនកិច្ចនៅប៉ាឡាវផងដែរ ដើម្បីចាប់ផ្ដើមជំរុញ ទំនាក់ទំនងប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោកអនុប្រធានាធិបតី បានអរគុណហើយលើកឡើងថា លោករង់ចាំការចុះ MoU ស្តីពីការពិគ្រោះយោបល់ ដើម្បីចាប់ផ្ដើមពិនិត្យឱកាស ដែលប្រទេសទាំងពីរអាចរៀនសូត្រពីគ្នា ជាពិសេសនៅលើវិស័យការពារវិនិយោគ និងពាណិជ្ជកម្ម។ ក្រៅពីនោះ ក៏អាចមានកិច្ចសហប្រតិបត្តិការជាមួយគ្នា លើការប្រយុទ្ធប្រឆាំងភេរវកម្ម ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងការរត់ពន្ធគ្រឿងញៀន។

លោក រ៉េនុល អ៊ុលឡោច ក៏បានជម្រាបសម្ដេចផងដែរ អំពីកាលដែលប៉ាឡាវ រៀបចំកិច្ចប្រជុំកំពូល ស្តីពីមហាសាគរ ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២០ខាងមុខ និងមួយទៀត គឺកិច្ចប្រជុំកំពូលនៃស្ត្រីទី១ តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនឹងប្រព្រឹត្តទៅនៅដើមខែធ្នូខាងមុខនេះ ដោយបានអញ្ជើញសម្ដេចទៅចូលរួម។

ពាក់ព័ន្ធនឹងការអញ្ជើញនេះ សម្ដេចតេជោ ហ៊ុន សែន បានទទួលយកការអញ្ជើញ ហើយបានលើកឡើងថា ប្រសិនបើមានឱកាស សម្ដេចនឹងអញ្ជើញ ចូលរួមកិច្ចប្រជុំទាំងពីរនេះ និងបំពេញដំណើរទស្សនកិច្ច នៅប្រទេសប៉ាឡាវផងដែរ។

សូមបញ្ជាក់ជូនថា ប៉ាឡាវ ជាប្រទេសតូចមួយ ស្ថិតនៅភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិច ក្បែរព្រំដែនទឹកប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ី ដែលមានផ្ទៃដីជាង៤០០គីឡូម៉ែត្រការ៉េ ហើយមានប្រជាជនតែប៉ុន្មានម៉ឺននាក់ប៉ុណ្ណោះ៕