(កំពង់ចាម)៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជានាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានសហការជាមួយបណ្តាញសហគ្រិនភាពសកល-កម្ពុជា រៀបចំទិវាសប្តាហ៍សហគ្រិនភាព ដែលជាភាសា អង់គ្លេសហៅថា Global Entrepreneurship Week Cambodia ក្រោមប្រធានបទ «ប្រព័ន្ធអេកូទ្បូស៉ីនៃសហគ្រិនភាពឆ្ពោះទៅរកការរួមបញ្ចូលគ្នានៅក្នុងសេដ្ខកិច្ចឌីជីថល» នៅសណ្ឋាគារ ៧មករា ខេត្តកំពង់ចាម។

ក្នុងពិធីនោះ មានការចូលរួមជាអធិបតីពីលោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឧកញ៉ា សុខ ពិសិដ្ឋ ប្រធានអង្គការបណ្តាញសហគ្រិនភាពសកល-កម្ពុជា និងជានាយកប្រតិបត្តិក្រុមហ៊ុន GGear Group និងលោក លឹម សុជាតិ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពង់ចាម និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Laksmi Prime Investment Co., Ltd. ព្រមទាំងអ្នកចូលរួមប្រហែល ៥០០នាក់ ដែលភាគច្រើនជាសិស្ស និស្សិត យុវជន និងសហគ្រិន ដែលមកពីក្រុមហ៊ុនផ្សេងៗ នៅក្នុងខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ រាជធានីភ្នំពេញ និងតាមបណ្ដារខេត្តមួយចំនួនទៀតផងដែរ។

ក្នុងឱកាសនោះ លោក លោក លឹម សុជាតិ បានថ្លែងថា ទិវានេះត្រូវបានរៀបចំក្រោមប្រធានបទខុសៗគ្នា ជារៀងរាល់ឆ្នាំដោយសមាគម តាំងពីឆ្នាំ២០១៣ មកម្ល៉េះក្នុងគោលបំណងលើកទឹកចិត្ត ផ្តល់ចំណេះដឹងដល់យុវជន អ្នកមានបំណងបង្កើតអាជីវកម្ម និងអ្នកកំពុងធ្វើអាជីវកម្ម ដើម្បីឲ្យពួកគាត់យល់កាន់តែច្បាស់ពីសហគ្រិនភាព និងមានឱកាសបានជួបជជែក និងសិក្សាស្វែងយល់បន្ថែមពីសហគ្រិនជោគជ័យ ដែលជាវាគ្មិនសុទ្ធសឹងតែមានបទពិសោធន៍ជាច្រើនឆ្នាំ នៅក្នុងវិស័យធុរៈកិច្ចក៏ដូចជាក្រសួងស្ថាបន័ពាក់ពន្ធ័នានា។

លោកថា នេះគឺជាលើកទីមួយហើយ ដែលសមាគមបានរៀបចំទិវានេះនៅខេត្តកំពង់ចាម ហើយរំពឹងថា នឹងនៅតែបន្តប្រារព្ធនៅខេត្តនេះនៅឆ្នាំក្រោយៗទៀតផងដែរ។

នៅក្នុងឆ្នាំ២០១៩ នេះសប្តាហ៍សហគ្រិនភាពពិភពលោក-កម្ពុជា ក៏មានការលើកយកប្រធានបទតូចៗ សំខាន់ៗចំនួន២ទៀត មកពិភាក្សា ក្នុងនោះរួមមាន៖

*ការរួមបញ្ចូលនិងការប្រើប្រាស់បច្ចេកវិទ្យាក្នុងសហគ្រាស មីក្រូតូចនិងមធ្យមព្រមទាំងឱកាសក្នុងការវិនិយោគក្នុងក្រុងសៀមរាប។
*ការបង្ហាញពីការប្រើប្រាស់ប្រព័ន្ធទិន្នន័យមគ្គុទេសក៍ វិនិយោគក្រុងខេត្តកំពង់ចាម នៅលើគេហទំព័រ www. investin kampongcham.com - អាជីវកម្ម បែបឌីជីថលនិងសេដ្ឋកិច្ចឌីជីថល។

លោកឧកញ៉ា សុខ ពិសិដ្ឋ បានឲ្យដឹងថា ក្រៅពីកម្មវិធីថ្ងៃនេះនៅខេត្តកំពង់ចាម ទិវានេះក៏បានរៀបចំនៅខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកាកន្លងទៅម្សិលមិញ ហើយក៏នឹងត្រូវប្រារព្ធឡើងនូវ ២កន្លែងផ្សេងទៀតដូចជា៖ ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភ្នំពេញ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលវាគ្មិនភាគច្រើនជាអ្នកបង្កើតអាជីវកម្មថ្មី ឬជាភាសាអង់គ្លេសថា Start ups និង ក្រសួងស្ថាប័នដែលបានធ្វើការដើម្បីគាំទ្រដល់អាជីវកម្មបង្កើតថ្មីទាំងនេះ៕