(ភ្នំពេញ)៖ ធនាគារពិភពលោក (World Bank) នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានគូសបញ្ជាក់ថា ភាពចម្រុះ និងគុណភាពនៃការងារ ដែលមាននៅក្នុងប្រទេស កំពុងមានការកែលម្អឲ្យប្រសើរឡើង ប៉ុន្តែកម្ពុជាចាំបាច់ ត្រូវមានគោលនយោបាយថ្មីៗ ដើម្បីទាញយកអត្ថប្រយោជន៍ ពីឱកាសនានាដែលអាចរកបាន នៅលើទីផ្សារពិភពលោក នាពេលអនាគត។

នេះបើតាមរបាយការណ៍ របស់ធនាគារពិភពលោក ក្រោមចំណងជើងថា «អនាគតការងារនៅប្រទេសកម្ពុជា៖ តំណភ្ជាប់ជាមួយសេដ្ឋកិច្ចនាពេលខាងមុខ» ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែវិច្ឆិកានេះ។

របាយការណ៍បានឲ្យដឹងថា ក្នុងចំណោមការងារចំនួន៨លាន នៅក្នុងប្រទេសកម្ពុជា មាន៣៧ភាគរយ ជាការងារមានប្រាក់ឈ្នួល ដែលភាគច្រើនផ្តល់ប្រាក់ចំណូលខ្ពស់ គ្រាន់បើ និងអត្ថប្រយោជន៍ការពារបន្ថែមដល់កម្មករ។ ប៉ុន្តែ៦៣ភាគរយទៀត នៅតែជាការងារបែបប្រពៃណីនៅឡើយ។ ក្នុងនោះ មានការងារដាំដុះ ឬអាជីវកម្មជាលក្ខណៈគ្រួសារ ដែលមិនសូវបានធ្វើសមាហរណកម្ម ចូលទៅក្នុងសេដ្ឋកិច្ចទំនើបប៉ុន្មានទេ ហើយផ្តល់ឲ្យកម្មករ នូវប្រាក់ចំណូលទាបជាង។

លោកស្រី អ៊ិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជាបានថ្លែងថា «ភាពចម្រុះ និងគុណភាពនៃការងារ នៅក្នុងប្រទេសកម្ពុជា ត្រូវបានកែលម្អឲ្យប្រសើរឡើងជាបណ្តើរៗហើយ។ ប៉ុន្តែ និន្នាការសកល មានដូចជាការកើនឡើង នូវចំនួនរបស់វណ្ណៈកណ្តាលក្នុងតំបន់អាស៊ី បម្រែបម្រួលលំនាំក្នុងការធ្វើពាណិជ្ជកម្ម និងស្វ័យប្រវត្តិកម្ម តម្រូវឲ្យកម្ពុជាគិតគូរឡើងវិញ អំពីយុទ្ធសាស្ត្រការងាររបស់ខ្លួន ខណៈដែលប្រទេសនេះ កំពុងឈានឆ្ពោះទៅកាន់ដំណាក់កាលមួយទៀត នៃការអភិវឌ្ឍផ្អែកលើការនាំចេញ»។

លោកស្រីបន្ដថា ក្រុមហ៊ុនដែលគ្រប់គ្រងដោយជនបរទេស បានដើរតួយ៉ាងសំខាន់ ក្នុងការងាររួមចំណែកបង្កើតការងារមានគុណភាពខ្ពស់ នៅក្នុងប្រទេសកម្ពុជា។ មកដល់ឆ្នាំ២០១៥ មួយភាគបី នៃការងារមានប្រាក់ឈ្នួល នៅកម្ពុជា គឺស្ថិតនៅក្នុងក្រុមហ៊ុនដែលគ្រប់គ្រងដោយជនបរទេស។ ក្នុងអំឡុងឆ្នាំ២០១០-២០១៥ ឧស្សាហកម្មកាត់ដេរ គឺជាវិស័យមុខរបរ ដែលមានការរីកលូតលាស់យ៉ាងលឿនបំផុត ដោយបង្កើនចំណែករបស់ខ្លួន នៅក្នុងការបង្កើត ការងារបាន១.១ភាគរយ ក្នុងមួយឆ្នាំ។

លោកស្រី អ៊ិនហ្គូណា ដូប្រាចា បានលើកឡើងថា ក្រុមហ៊ុនក្នុងស្រុកមានចំនួនច្រើនជាងក្រុមហ៊ុនដែលគ្រប់គ្រងដោយជនបរទេស ប៉ុន្តែពួកគេមិនបានចូលរួមចំណែកបង្កើតការងារបានច្រើនទេ។ ក្រុមហ៊ុនក្នុងស្រុកជួល កម្មករជាមធ្យម៨នាក់ ក្នុងមួយក្រុមហ៊ុន បើប្រៀបធៀបទៅនឹង១២៤នាក់ ក្នុងក្រុមហ៊ុនដែលគ្រប់គ្រងដោយជនបរទេស។

ប្រធានគ្រប់គ្រងធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា បានបន្ដទៀតថា កង្វល់ធំមួយ គឺនៅត្រង់ការធ្វើយ៉ាងណា ឲ្យពលករកម្ពុជាមានជំនាញចាំបាច់ ដើម្បីពួកគាត់អាច ទៅប្រកួតប្រជែង ជាមួយកម្មករមកពីប្រទេសផ្សេងទៀត ក្នុងការស្វែងរកការងារធ្វើក្នុងក្រុមហ៊ុន ដែលគ្រប់គ្រងដោយបរទេស។ នៅឆ្នាំ២០១៦ មាន៣៧.៦ភាគរយ នៃក្រុមហ៊ុននាំចេញ បានប្រាប់ឲ្យដឹងថា កម្លាំងពលកម្មដែលមាន ការអប់រំជំនាញមិនគ្រប់គ្រាន់ជាឧបសគ្គចម្បង ដល់ការធ្វើអាជីវកម្ម។

បើតាមលោកស្រី វេនឌី ខាន់និងហេម សេដ្ឋវិទូជាន់ខ្ពស់ និងជាអ្នកនិពន្ធរបាយការណ៍ បានថ្លែងថា «ជោគជ័យនៃយុទ្ធសាស្ត្រការងារ របស់ប្រទេសកម្ពុជា នឹងអាស្រ័យលើការចូលរួម និងកិច្ចសហប្រតិបត្តិការរបស់ភាគី ពាក់ព័ន្ធនានា លើគ្រប់ផ្នែកនៃសេដ្ឋកិច្ច មិនមែនត្រឹមតែអ្នកធ្វើគោលនយោបាយ និងថ្នាក់ដឹកនាំរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែគឺទាំងសហគ្រិន អ្នកវិនិយោគ ដៃគូអភិវឌ្ឍន៍ និងជាពិសេស គឺពលករខ្លួនឯងតែម្តង»៕