(កំពត)៖ លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងលោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងលោកស្រី លាង ហៃ ជាវតាយ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នៅយប់ថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០១៩ បានដឹកនាំយុវជនកាកបាទក្រហមមកពីរាជធានីភ្នំពេញ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តតាកែវ និងខេត្តកែប បើកការបោះជំរុំយុវជននៅសហគមន៍ត្រពាំងសង្កែ ក្រោមប្រធានបទ «យុវជនជាភ្នាក់ងារ នៃការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន ដើម្បីសុវត្ថិភាពសហគមន៍»

ពិធីនេះមានការអញ្ជើញចូលរួម ពីប្រតិភូកាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមខេត្តកំពត លោកគ្រូ អ្នកគ្រូ មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់ ដែលធ្វើឡើងនៅសហគមន៍ត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ក្នុងរយៈពេល ៣ថ្ងៃ។

លោក ជាវ តាយ បានសំដែងអំណរគុណ និងកោតសរសើរដល់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានរៀបចំពិធី ដ៏មានសារៈប្រយោជន៍ នេះឡើង និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានប្រតិភូកាកបាទក្រហម និងយុវជនកាកបាទក្រហមកម្ពុជា មកពីបណ្ដាខេត្តរាជធានី និងខេត្តមួយចំនួននាឱកាសនោះ។

អភិបាលខេត្តកំពត ក៏បានរំលឹកឱ្យដឹងពីវឌ្ឍនភាពរីកចម្រើន នៃវិស័យស្នូលទាំង៤ របស់កាកបាទក្រហមកម្ពុជា ដែលសាខាកាកបាទក្រហមខេត្តកំពត សម្រេចបានក្នុងការជួយជនរងគ្រោះ និងជនងាយរងគ្រោះនៅតាមសហគមន៍បានទាន់ពេលវេលា ស្របតាមពាក្យស្លោក «កាកបាទក្រហមមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោលឡើយ»

លោក យូ ឡាណា បានសំដែងការកោតសរសើរ ចំពោះសាខាកាកបាទក្រហមខេត្តកំពត និងអាជ្ញាធរមូលដ្ឋានដែលមានកិច្ចសហការយ៉ាងយកចិត្តទុកដាក់ក្នុងការបោះជំរុំ របស់យុវជនកាកបាទក្រហម កម្ពុជា នាពេលនេះ។ លោកអគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានលើកបញ្ជាក់ថា តាមមិយមន័យជំរុំ គឺជាជម្រកបណ្ដោះអាសន្នមួយ សម្រាប់ស្នាក់នៅរយៈពេលខ្លី មធ្យម និងវែងទៅតាមកាលៈទេសៈ និងទីកន្លែង។

ការបោះជំរុំ គឺជាវិធីអប់រំមួយបែប ដែលធ្វើឱ្យយុវជនយុវនារី ដែលមកពីកន្លែងផ្សេងៗគ្នា អាចរួមរស់នៅជាមួយគ្នា សាមគ្គីគ្នា ចេះជួយគ្នា ផ្លាស់ប្ដូរបទពិសោធន៍ ពីគ្នាទៅវិញទៅមក។ ការរស់នៅក្នុងជំរំ គឺអប់រំយុវជន ឱ្យរៀនរស់នៅដោយឯករាជ្យ ចេះរស់នៅជាមួយធម្មជាតិ បង្កើតគំនិតច្នៃប្រឌិតស្វែងរកចំណេះដឹងថ្មីៗ ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួន។

ដោយឡែក ជំរុំយុវជនកាកបាទប្រហមកម្ពុជានាថ្ងៃនេះ គឺជាការបើកឱកាសឱ្យក្មួយៗ យុវជនយើងបានស្វែងយល់ពីគ្នាទៅវិញទៅមក ធ្វើសកម្មភាពរួមគ្នា ដើម្បីបណ្ដុះផ្នត់គំនិត ស្មារតីស្រឡាញ់វប្បធម៌នៃការចែករំលែកស្រឡាញ់ការងារសង្គម រួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិ ឱ្យកាន់តែរីកចម្រើនលើឆាកជាតិ អន្តរជាតិ និងលើសពីនេះទៅទៀត ជំរុំយុវជនអាចផ្ដល់ចំណេះដឹងថ្មីៗ និងបទពិសោធន៍ជាច្រើន ក្នុងការកែប្រែឥរិយាបថ ប្រកបដោយភាពវិជ្ជមាន ដើម្បីយុវជនយើងក្លាយជាកូនល្អមិត្តល្អ និងពលរដ្ឋល្អ នៅក្នុងសង្គម តាមរយៈវគ្គបណ្ដុះបណ្ដាល យុវជនជាភ្នាក់ងារ នៃការផ្លាស់ប្ដូរឥរិយាបថ របៀបធ្វើការងារជាក្រុមការសហការគ្នា ក្នុងជីវភាពរស់នៅប្រចាំថ្ងៃជាដើម។

លោក យូ ឡាណា បានផ្តាំផ្ញើដល់ក្មួយៗ យុវជនត្រូវខិតខំរៀនសូត្រ បន្តធ្វើសកម្មភាពមនុស្សធម៌ សកម្មភាពការងារសង្គម តាមរយៈកាកបាទក្រហមកម្ពុជា ឱ្យកាន់តែផុលផុសបន្ថែមទៀត។

ទន្ទឹមនេះ លោក យូ ឡាណា សង្ឃឹមយ៉ាងមុតមាំថានឹងទទួលបានលទ្ធផលល្អប្រកបដោយភាពជោគជ័យ និងសំណូមពរឱ្យក្មួយៗ មេត្តាយកចិត្តទុកដាក់ នៅចំណុចមួយចំនួនរួមមាន ការគោរពច្បាប់ទំនៀមទម្លាប់ ប្រពៃណី និងមានក្រមសីលធម៌ថ្លៃថ្នូរ ក្នុងនាមជាយុវជនគំរូ ថែរក្សាអនាម័យ ចំពោះសុខភាពហូបស្អាត ផឹកស្អាត រស់នៅស្អាត និងយកចិត្តទុកដាក់គោរពវិន័យបទបញ្ជាផ្ទៃក្នុង និងគោលការណ៍ណែនាំ របស់មន្ត្រីទីស្នាក់ការកណ្ដាល និងក្រុមការងារគ្រប់គ្រងជំរុំទាំងមូល និងសូមឱ្យសមាជិក ទាំងអស់ចេះជួយថែរក្សានូវសុវត្ថិភាព ក្នុងពេលស្នាក់នៅ ព្រមទាំងខិតខំរៀនសូត្រ ដើម្បីទទួលបានចំណេះដឹង ដែលកម្មវិធី ផ្ដល់ឱ្យនឹងបន្តចែករំលែក៕