(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងអភិបាលខេត្ត បានថ្លែងប្រាប់បុគ្គលិកពេទ្យទាំងអស់ ត្រូប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ កាយវិការទន់ភ្លន់ និងសម្ដីផ្អែមល្ហែមជាមួយអ្នកជំងឺគ្រប់ពេលវេលា។

លោកថ្លែងបែបនេះ នៅក្នុងពិធីប្រកាសតែងតាំងលោក រស់ វីរ៉ា ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្វាយរៀង នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក តូច ប៉ូលីវ៉ា បញ្ជាក់ថា «ត្រូវយកចិត្តទុកដាក់ចំពោះការចេញលិខិតបញ្ជក់ពីជំងឺដល់អ្នកជំងឺឲ្យត្រឹមត្រូវ ជៀសវាងជនឆ្លៀតឱកាស ធ្វើការក្លែងបន្លំឯកសារដើម្បីប្រើក្នុងទិសដៅអវិជ្ជមាន។ ក្នុងនោះមន្ទីរសុខាភិបាលត្រូវពង្រឹងគុណភាពធនធានមនុស្ស ឲ្យខ្លាំងបន្ថែមទៀត នៅថ្នាក់មណ្ឌលសុខភាព ដែលជាកម្រិតមួយនៅគៀកនឹងប្រជាពលរដ្ឋជាងគេ»។

លោក តូច ប៉ូលីវ៉ា បានបន្តទៀតថា មន្ទីរសុខាភិបាលខេត្តត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាលឲ្យច្បាស់លាស់ ដែលជាកាតព្វកិច្ចរបស់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់។

លោកសំណូមពរដល់លោកប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិដែលទើបតាំងថ្មី ត្រូវខិតខំប្រតិបត្តិលើការងារដឹកនាំ គ្រប់គ្រង ផ្ដល់សេវាសង្គ្រោះ ពិនិត្យ ព្យាបាលជំងឺ ការទប់ស្កាត់ការពារជំងឺនានា ផ្ដល់សេវាចុះមូលដ្ឋានជូនប្រជាពលរដ្ឋ និងត្រូវអនុវត្តតាមការប្តេជ្ញារបស់ខ្លួនឲ្យខាងតែបាន៕