(កំពង់ឆ្នាំង)៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធី បើកវគ្គបំប៉ននាយទាហានគ្រប់គ្រងពីថ្នាក់ក្រុមដល់ថ្នាក់វរសេនាតូចជំនាន់ទី២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ ខេត្តកំពង់ឆ្នាំង។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងការរង នាយករងវិទ្យាស្ថាន នាយក នាយករមជ្ឈមណ្ឌល នាយការិយាល័យ និងសិក្ខាកាមជាច្រើនរូបទៀត។

នាយឧត្តមសេនីយ៍ សៅ សុខា តែងតែលើកឡើងថា កងរាជអាវុធហត្ថ បានយកចិត្តទុកដាក់ធ្វើកំណែទម្រង់ ហើយក្នុងការធ្វើកំណែទម្រង់បានយកការងារអប់រំ បណ្តុះបណ្តាល ហ្វឹកហ្វឺន ធ្វើជាមូលដ្ឋានក្នុងការកសាងកងរាជអាវុធហត្ថ ដើម្បីធានារ៉ាប់រងដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធ ការអនុវត្តនូវតួនាទី ភារកិច្ចស្នូលរបស់ខ្លួន។

នាយឧត្តមសេនីយ៍ ថ្លែងបញ្ជាក់ជាថ្មីទៀតថា កងរាជអាវុធហត្ថទាំងអស់ត្រូវប្តូរផ្តាច់ការពារច្បាប់រដ្ឋធម្មនុញ្ញ ការពារសន្តិភាព ឯករាជ្យ បូរណភាព អធិបតេយ្យភាព ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម បង្ក្រាបរាល់បទល្មើស ពង្រឹងការអនុវត្តច្បាប់ ដើម្បីកសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ ការពារសិទ្ធិសេរីភាព និងរបបប្រជាធិបតេយ្យសេរីពហុបក្ស។ ដោយអនុវត្តទិសស្លោក «ចំពោះប្រទេសជាតិ ត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» ហើយកងរាជអាវុធហត្ថទាំងមូល «ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ»៕