(បាត់ដំបង)៖ ប្រតិភូរដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលរដ្ឋបាលខេត្តច័ន្ទបុរីប្រទេសថៃ បើកកិច្ចប្រជុំពង្រឹងទំនាក់ទំនងសហកិច្ចប្រតិបត្តិការ បង្រ្កាបបទល្មើសនៅតាមព្រំដែននៃប្រទេសទាំងពីរ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដឹកនាំដោយលោក ងួន រតនៈ អភិបាលខេត្ត។

លោក ងួន រតនៈ បានថ្លែងថា កិច្ចប្រជុំពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ នៅសាលាខេត្តច័ន្ទបុរីនេះ ដើម្បីរួមគ្នាការពារ សុខសុវត្ថិភាពទប់ស្កាត់ បង្រ្កាបបទល្មើស ជួញដូរគ្រឿងញៀន និងពលករឆ្លងដែនខុសច្បាប់ ។

លោកអភិបាលខេត្តបាត់ដំបង បានជម្រាបជូនលោកអភិបាលខេត្តច័ន្ទបុរីថា ខេត្តយើងទាំងពីរត្រូវទំនងល្អជាមួយគ្នា ជាពិសេសទំនាក់ទំនងល្អ នៅតាមច្រកទ្វារព្រំដែនអត្តរជាតិដូង និងច្រកបានឡែមខេត្តច័ន្ទបុរី ដែលបានទំនាក់ទំនងជាមួយកន្លងមក និងបន្តកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត។

ក្នុងឱកាសនោះដែរលោក ងួន រតនៈ ក៏បានសំណូមពរដល់ភាគីថៃ បន្តបង្កើតសាមគ្គីភាព មិត្តភាព តាមរយៈក្រុមកីឡាជិះកង់រវាងខេត្តទាំងពីរ នាខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ។

នៅក្នុងកិច្ចប្រជុំស្តីពីសហប្រតិបត្តិការមួយចំនួននោះ មានដូចជា៖ ការបង្កើនកិច្ចសហប្រតិបត្តិការ សុខសុវត្តិភាព តាមព្រំដែន បញ្ហាពលករខ្មែរឆ្លងដែនខុសច្បាប់ ព្រមទាំងបទល្មើសឆ្លងដែននានា និងការនាំចេញកសិផល ការធ្វើពាណិជកម្មឆ្លងដែនរវាង ខេត្តច័ន្ទបុរី-បាត់ដំបង ជាពិសេសជួយសម្រួលដល់ ការនាំចេញកសិផលរបស់កសិករខ្មែរក្នុងខេត្តបាត់ដំបងទៅកាន់ប្រទេសថៃ ឲ្យបានកាន់ងាយស្រួល និងមានភាពល្អប្រសើរជាងមុនផងដែរ។

លោកអភិបាលខេត្ត បានកោតសរសើរដល់រដ្ឋបាលខេត្តច័ន្ទបុរី ដែលកន្លងមកបានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយខេត្តជាប់ព្រំដែន នៃប្រទេសទាំង២ ដើម្បីរក្សាឲ្យបាននូវសន្តិសុខសណ្តាប់ ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឲ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់គ្នាទៅវិញ៕