(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានថ្លែងចាត់ទុកការយាងសោយទិវង្គត របស់ព្រះរាជបុត្រី ព្រះរៀម បុប្ផាទេវី ជាការបាត់បង់ធនធានមនុស្សរស់ ក្នុងផ្នែកវប្បធម៌ដ៏សំខាន់ក្នុងប្រទេសកម្ពុជា។

ការថ្លែងរបស់សម្ដេចតេជោ ដូច្នេះធ្វើឡើងក្នុងឱកាសដែលសម្ដេចអនុញ្ញាតឲ្យប្រតិភូគ្រូបង្វិកកីឡាករ កីឡាការិនី ប្រមាណ៤០០នាក់ ជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ មុនចេញទៅប្រកួតកីឡាស៊ីហ្គេម លើកទី៣០នៅប្រទេសហ្វីលីពីន។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ខានស្អែកនេះ នៅទូទាំងប្រទេសត្រូវទម្លាក់ទង់ជាតិចុះត្រឹមពាក់កណ្ដាលដង ដើម្បីកាន់ទុក្ខចំពោះការសោយទិវង្គត របស់សម្ដេចព្រះរៀម នរោត្តម បុប្ផាទេវី ហើយនេះគឺជាការគោរពរបស់យើងចំពោះ ម្ខាងគឺជាព្រះរាជវង្សានុវង្ស ជាព្រះរាជបុត្ររបស់អតីតព្រះមហាក្សត្រ ការចូលរួមចំណែករំលែកទុក្ខ ចំពោះសម្ដេចម៉ែ ដែលជាមាតា និងព្រះមហាក្សត្រ ដែលជាព្រះអនុជរបស់ព្រះរៀម និងព្រះរាជវង្សានុវង្ស ឯម្ខាងទៀតក៏ដើម្បីរំលឹកដល់ស្នាព្រះហស្ថ របស់សម្ដេចព្រះរៀម តាំងពីទស្សវត្ស៦០ ដែលព្រះអង្គបានពុះពារឆ្លងកាត់ ដើម្បីពង្រឹងរៀបចំសិល្បៈបុរាណខ្មែររបស់យើង ដែលចាត់ទុកថា ជាមរតកមនុស្សរស់ យើងសូមចូលរួមសម្ដែងការសោកស្ដាយ ចំពោះការបាត់បង់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនរបស់យើង»

សម្ដេចតេជោក៏បានបញ្ជាក់ថា សម្ដេចនឹងដឹកនាំគណៈប្រតិភូ របស់រាជរដ្ឋាភិបាល ទៅគោរពព្រះវិញ្ញាណខន្ធរបស់ព្រះរាជបុត្រីព្រះរៀម បុប្ផា ទេវី នៅម៉ោង៤រៀសល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ផងដែរ។

សូមជម្រាបថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាបុត្រច្បងរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា បានសោយទិវង្គត នាវេលាម៉ោង១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។

សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះអង្គព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។

ព្រះអង្គបានទទួលព្រះរាជក្រឹត្យតម្លើងព្រះគោរមងារជា «សម្ដេចរាជបុត្រី ព្រះរៀម» នាថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៤ និងទទួលតំណែងជា «ទេពនាថវដ្តីឯក» ពីព្រះរាជក្រឹត្យ ស្ដីពីការតែតាំងមត៌កមនុស្សរស់ នៃព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០១៣។

ក្រោយការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានសម្រេចយាង ចូលប្រទេសកម្ពុជាវិញ ហើយបានកាន់តំណែងជា អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ពីឆ្នាំ១៩៩១ ដល់ឆ្នាំ ១៩៩៣។ ក្នុងចន្លោះឆ្នាំ១៩៩៣ ដល់១៩៩៨ ព្រះអង្គ ជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល ទទួលបន្ទុកផ្នែកវប្បធម៌ និងក្រោយមកកាន់តំណែងជា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពីឆ្នាំ១៩៩៨ ដល់ ២០០៤។ ពីឆ្នាំ ២០០០ ដល់ ២០១៣ ព្រះអង្គ ជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន។ ទ្រង់បានក្លាយជាសមាជិកព្រឹទ្ធសភា ពីឆ្នាំ២០០៤ ដល់ ២០១៦ និងជាមួយគ្នានេះជា សមាជិកកត្តិយស នៃសិល្បៈរបាំអន្តរជាតិពិភពលោក CID ។ ព្រះអង្គជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងនៅឆ្នាំ២០១៦ ជាសមាជិកនៃក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។

ស្នាព្រះហស្តដ៏សំខាន់ របស់ទ្រង់ គឺការនាំឲ្យមានការបញ្ចូលរបាំព្រះរាជទ្រព្យ ចូលជាបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ នៅអង្គការយូណេស្កូ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្តីឯក គឺជាព្រះនិមិត្តរូប នៃរបាំព្រះរាជទ្រព្យខ្មែរ ពីព្រោះតែកាលពីអតីតកាល ក៏ដូចជាបច្ចុប្បន្ន ប្រជាជនខ្មែរដែលស្គាល់ ឬឮឈ្មោះរបាំព្រះរាជទ្រព្យ តែងតែនឹកឃើញជានិច្ចដល់ព្រះនាមរបស់ទ្រង់ ដែលជាអ្នកសម្តែងរបាំដ៏ប៉ិនប្រសប់នេះ រួមជាមួយសម្រស់ដ៏ស្រស់សោភា។ ទោះបីជាបច្ចុប្បន្ន ព្រះអង្គ មានព្រះជន្ម៧៧ព្រះវស្សា និងឈប់សម្តែងក្តី ក៏ទ្រង់នៅតែបន្តរៀបចំក្រុមសម្តែងរបាំព្រះរាជទ្រព្យ ដើម្បីផ្សព្វផ្សាយឲ្យយុវជនជំនាន់ក្រោយបានដឹង និងជាពិសេសផ្សព្វផ្សាយ នៅលើឆាកអន្តរជាតិ៕