(កណ្ដាល)៖ លោក គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកណ្ដាល បានលើកឡើងថា ការងារយុវជន គឺជាការងារដែលគ្មានប្រាក់ខែ មិនយកកម្រៃថែមទាំង ចំណាយពេលវេលាផ្ទាល់ខ្លួន ហើយពេលខ្លះ ក៏ត្រូវចំណាយថវិកាផ្ទាល់ខ្លួនយើងទៀតផង ដូច្នេះការងារនេះ គឺជាការងារមួយដែលមិនត្រូវការផលប្រយោជន៍ ជាការងារដែលលះបង់ត្រូវការ ការតាំងចិត្តខ្ពស់ ដើម្បីបុព្វហេតុ របស់ខ្លួន។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងកម្មវិធីចែករំលែកបទពិសោធន៍ នៃការងារស្ម័គ្រចិត្តរបស់យុវជន ស្រុកស្អាង ខេត្តកណ្ដាល នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក គីម រិទ្ធី បានបញ្ជាក់ទៀតថា ការងារស្ម័គ្រចិត្ត បានឆ្លើយតបមកវិញ គឺបានផ្ដល់នូវកិត្តិយស ដល់យើងនៅមូលដ្ឋាន ផ្តល់ឱកាសឲ្យយើងបានកសាងបណ្ដាញ និងមិត្តភក្កិ ដើម្បីពង្រឹងសាមគ្គីភាពគ្នា ជួយគ្នាក្នុងគ្រាលំបាកនានា។

លោក រិទ្ធី ក៏បានបញ្ជាក់ថា ឆ្នាំនេះ គណៈកម្មាធិការកណ្ដាល គ្រោងនឹងរៀបទិវារំឭកខួប ៤១ឆ្នាំ នៃការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា នៅវិមាន២ធ្នូ ដែលគ្រោងនឹងមានអ្នកចូលរួមជាង២ម៉ឺននាក់ ហើយសម្រាប់ខេត្តកណ្ដាល ក៏គ្រោងនឹងមានយុវជន ទៅចូលរួមជាង៥ពាន់នាក់ផងដែរ។

លោក ក៏បានលើកទឹកចិត្ត ដល់សមាជិក (ស.ស.យ.ក) ស្រុកស្អាងទាំងអស់ ត្រូវខិតខំបន្តធ្វើការងារស្នូល ការងារលេចធ្លោ ដែលជាអត្តសញ្ញាណរបស់ឃុំរៀងខ្លួនៗបន្តទៀត ដូចជាការងារមនុស្សធម៌ ការងារបរិស្ថាន ការបរិច្ចាគឈាម ការលេងកីឡា និងការងារអប់រំជាដើម។

លោកប្រធាន បានជំរុញឲ្យសមាជិក (ស.ស.យ.ក) ក្នុងអង្គប្រជុំ ត្រូវឡើងបញ្ចេញមតិផ្លាស់ប្ដូរនូវបទពិសោធន៍ល្អៗ ពីគ្នាទៅវិញទៅមក ទាក់ទងនឹងការងារស្ម័គ្រចិត្ត ដែលបានធ្វើក្នុងឃុំរបស់ខ្លួនកន្លងមក ត្រូវលើកពីបញ្ហាប្រឈម កង្វះខាត ផែនការអនុវត្តបន្ត ក៏ដូចជាសំណូមពរនានា ដើម្បីពិភាក្សាគ្នារកដំណោះស្រាយ ឲ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា នេះគឺជាលើកទី៣ហើយ ដែល ស.ស.យ.ក ខេត្តកណ្ដាល បានរៀបចំកម្មវិធីនេះឡើង ហើយពិធីនេះ ក៏មានការឡើងច្រៀងលេងកម្សាន្ត និងមានការចាប់ឆ្នោតផ្សងសំណាង យកវត្ថុអនុស្សាវរីយ៍មាន ទូរស័ព្ទដៃ Power Bank មួកសុវត្ថិភាព ជូនដល់សមាជិកចូលរួមផងដែរ៕