(កំពត)៖ គណៈកម្មាធិការគ្រប់គ្រងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងរដ្ឋបាលខេត្តកំពត បានចុះផ្សព្វផ្សាយពីគោលការណ៍ណែនាំ ពាក់ព័ន្ធនឹងការអភិវឌ្ឍតំបន់ឆ្នេរ និងរមណីយដ្ឋានឆ្នេរសមុទ្រ ការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្ត ការអភិរក្សជីវចម្រុះសមុទ្រ និងតំបន់ឆ្នេរសមុទ្រ ដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរអង្គភាពជុំវិញខេត្ត និងអាជីវករប្រមាណ ១២០នាក់។

សកម្មភាពផ្សព្វផ្សាយនេះធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយគោលនយោបាយ និងឯកសារគតិយុត្តពាក់ព័ន្ធការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាព ក្រោមវត្តមានលោក ហង្សសុត សំភារ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយដ្ឋាន និងសំណង់ និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការគ្រប់គ្រងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងលោក នៃ គង់ អភិបាលរងខេត្តកំពត នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំសណ្ឋាគារកំពតឌីយ៉ាម៉ង់ ក្រុងកំពត។

លោក នៃ គង់ បានចាត់ទុកអង្គសិក្ខាសាលាពេលនេះ គឺជាការផ្សព្វផ្សាយដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសឱ្យដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ និងអាជីវករដែលប្រកបមុខរបរអភិវឌ្ឍន៍ដីធ្លី និងសំណង់នៅខេត្តកំពត ឲ្យបានយល់ដឹងស៊ីជម្រៅអំពីលិខិតបទដ្ឋានគតិយុត្ត យន្តការ ការងារនីតិវិធី និងសំណុំបែបបទស្នើសុំលិខិតអនុញ្ញាតអភិវឌ្ឍន៍ដី លិខិតអនុញ្ញាតសាងសង់ ការប្ដូរប្រភេទដី ការកែសម្រួលក្បាលដី និងការស្នើសុំធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ។

ក្នុងអង្គបើកសិក្ខាសាលានេះ លោកអនុរដ្ឋលេខាធិការ ហង្សសុត សំភារ បានលើកបញ្ជាក់ថា ការងាររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនត្រឹមតែរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាអភិវឌ្ឍ និងការអភិរក្សប្រកបដោយចីរភាព តុល្យភាព និងសមធម៌ប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈកំណើននៃការអភិវឌ្ឍ និងការសាងសង់ជារៀងរាល់ឆ្នាំ។

ជាក់ស្ដែង ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ កំណើនសេដ្ឋកិច្ចកម្ពុជារក្សាបានស្ថេរភាព ៧% ក្នុងមួយឆ្នាំចំណូលមធ្យមសម្រាប់មនុស្សម្នាក់កើនឡើងពី ១៤៣៥ដុល្លារ ក្នុងឆ្នាំ២០១៧ ដល់ ១៥៤៨ដុល្លារ ក្នុងឆ្នាំ២០១៨ និងប៉ាន់ស្មានឡើងដល់ ១៦៧៩ដុល្លារ ក្នុងឆ្នាំ២០១៩ អតិផរណាស្ថិតក្នុងកម្រិតទាប ២.៥% អត្រាភាពក្រីក្រក្រោម ១០% នឹងបន្តថយចុះក្នុងអត្រា ១% ប្រចាំឆ្នាំ។ ទេសចរអន្តរជាតិមកផ្ទះសំណាក់កម្ពុជាកើនឡើងពី ១លាននាក់ នៅឆ្នាំ២០០៤ ដល់ ២លាននាក់នៅឆ្នាំ២០០៧ និងបន្តកើនឡើងជាលំដាប់រហូតដល់ប្រមាណ ៦.២លាននាក់ នៅឆ្នាំ២០១៨។

លោក ហង្សសុត សំភារ បានបញ្ជាក់ទៀតថា ការអនុវត្តគោលនយោបាយជាតិស្ដីពី ការរៀបចំដែនដី គឺផ្អែកលើយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដោយរាជរដ្ឋាភិបាលបានសិក្សា និងកំណត់ច្បាស់លាស់អំពីយន្តការនីតិវិធី បទប្បញ្ញត្តិ និងផែនការអភិវឌ្ឍន៍ប្រទាក់ក្រឡាគ្នា សំដៅធានាថាដែនដីនៅទូទាំងប្រទេសកម្ពុជា ត្រូវបានគ្រប់គ្រងប្រើប្រាស់ការពារ និងអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ចីរភាព សមធម៌ និងសមាហរណកម្ម ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការធានាសន្តិសុខស្បៀង កិច្ចការពារជាតិ និងលំនឹងធម្មជាតិ។

លោកអនុរដ្ឋលេខាធិការ បានឲ្យដឹងទៀតថា អង្គសិក្ខាសាលាពេលនេះ គឺក្នុងគោលបំណងដើម្បីផ្សព្វផ្សាយនូវគោលការណ៍ណែនាំអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា គោលការណ៍ណែនាំអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរសមុទ្រ និងការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្ត ការអភិរក្សជីវចម្រុះសមុទ្រ និងតំបន់ឆ្នេរសមុទ្រ តាមរយៈការបង្កើតឧទ្យានជាតិសមុទ្រ និងការគ្រប់គ្រងសំណល់រឹង-រាវនៅតំបន់ឆ្នេរសមុទ្រ សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាពជូនដល់អាជ្ញាធរខេត្ត មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ភូមិ និងផ្នែកឯកជននៃខេត្តកំពត។

លោករដ្ឋលេខាធិការបានបញ្ជាក់ទៀតថា រហូតដល់បច្ចុប្បន្ននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយដៃគូអភិវឌ្ឍន៍ ផ្ដល់ការគាំទ្របច្ចេកទេសដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការកសាងផែនការរៀបចំដែនដី ប្លង់គោល និងផែនការប្រើប្រាស់ដីស្ទើរគ្រប់កម្រិត ក្នុងនោះផែនការរៀបចំដែនដី និងតំបន់ឆ្នេរសមុទ្រកម្ពុជា ផែនការរៀបចំដែនដីថ្នាក់ខេត្តចំនួន ៧ ប្លង់គោលរាជធានីភ្នំពេញ ប្លង់គោលប្រើប្រាស់ដី ឬផែនការប្រើប្រាស់ដីថ្នាក់ក្រុងចំនួន ១៩ ថ្នាក់ស្រុកចំនួន ២៧ ថ្នាក់ខណ្ឌចំនួន ៤ និងទីប្រជុំជនចំនួន ៩ ផែនការប្រើប្រាស់ដីថ្នាក់ឃុំ-សង្កាត់ចំនួន ១៣៧ និងបានពិនិត្យសម្រេច ឬផ្ដល់ការឯកភាពលើផែនការរូបវ័ន្តចំនួន ៣ និងកំពុងជំរុញស្នើសុំការសម្រេចលើផែនការរូបវ័ន្តបន្ថែមទៀត ព្រមទាំងកំពុងបន្តសិក្សាផែនការរៀបចំដែនដីប្លង់គោល និងផែនការប្រើប្រាស់ដីជាបន្តបន្ទាប់ទៀត៕