(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អាជ្ញាធរជាតិអាវុធគីមី នៃក្រសួងការពារជាតិ បានសហការជាមួយសហភាពអឺរ៉ុប បើកសិក្ខាសាលាថ្នាក់ជាតិ លើគម្រោងលេខ៦១ របស់សហភាពអឺរ៉ុបស្តីពី «ការគ្រប់គ្រងសារធាតុគីមី និងកាកសំណល់ពាក់ព័ន្ធ នៅតំបន់អាស៊ីអាគ្នេយ៍» (ហៅកាត់ថា SEACHEM)។ សិក្ខាសាលានេះ ធ្វើឡើងរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ។

ពិធីបើកសិក្ខាសាលានេះ ប្រព្រឹត្តឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអាជ្ញាធរទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ វិទ្យុសកម្ម តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោក អាន់ខ្ល ប្រ៊ូដឡាវ (Andrew ProudLove) ជាប្រធានក្រុមគម្រោងលេខ៦១ នៃសហគភាពអឺរ៉ុប ស្តីពីការគ្រប់គ្រងសារធាតុគីមី និងកាកសំណល់ដែលពាក់ព័ន្ធ នៅតំបន់អាស៊ីអាគ្នេយ៍

សិក្ខាសាលានេះ ផ្តោតជាសំខាន់លើប្រធានបទ ការត្រៀមខ្លួន ការឆ្លើយតប និងការស្តារឡើងវិញ នៃឧប្បត្តិហេតុសារធាតុអាវុធគីមី ហើយសិក្ខាសាលានេះ សហការយ៉ាងជិតស្និទ្ធ និងរៀបចំដោយអាជ្ញាធរជាតិអាវុគីមី ជាមួយដៃគូសហគមអឺរ៉ុប ដែលក្នុងនោះមានអ្នកជំនាញមក ពីក្រសួងសុខភាពសាធារណៈអង់គ្លេស វិទ្យាស្ថានសន្តិសុខអន្តរជាតិ និងការគ្រប់គ្រងការសង្គ្រោះបន្ទាន់ (SEM) នៃសាធារណរដ្ឋស្លូវ៉ាគី និងអង្គការក្រៅរដ្ឋាភិបាលសហភាពអឺរ៉ុប និងអង្គការ ដំណោះស្រាយយុត្តិធម៌នៃបទឧក្រិដ្ឋប្រកបដោយចីរភាព។

សិក្ខាកាមដែលចូលរួមបណ្តុះបណ្តាលនេះ មកពីក្រសួង-ស្ថាប័ន ចំនួន២៩ សរុបចំនួន២០៥នាក់ មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។

គោលបំណងដ៏សំខាន់នៃសិក្ខាសាលាគឺទី១៖ ផ្តល់ចំណេះដឹង និងបង្កើនសមត្ថភាពលើជំនាញ ការត្រៀមរៀបចំ ការឆ្លើយតប ការស្តារឡើងវិញ និងការធ្វើឱ្យប្រសើរឡើងនូវឧប្បត្តិហេតុសារធាតុអាវុធគីមី, ទី២៖ ការបង្កើនការយល់ដឹង និងសមត្ថភាពនៃការគ្រប់គ្រង ឱ្យបានត្រឹមត្រូវលើ ឧប្បត្តិហេតុ ភេវរកម្ម និងបទឧក្រិដ្ឋនៃសារធាតុអាវុធគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ, ទី៣៖ ការចេះប្រើប្រាស់ឧបករណ៍រាវរក និងពិសោធន៍ សារធាតុអាវុធគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ, ទី៤៖ ការបោសសម្អាត និងលាងសម្អាតសារធាតុអាវុធគីមី ជីវសាស្ត្រវិទ្យុសកម្ម និងនុយក្លេអ៊ែរ, ទី៥៖ វិធីជ្រើសរើសសំណាក ការកំណត់អត្តសញ្ញាណ និងការគ្រប់គ្រងហានិភ័យនៃសារធាតុអាវុធគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ និងទី៦៖ ការដឹកជញ្ជូន ការថែរក្សា ការការពារដោយសុវត្ថិភា នៃសារធាតុអាវុធគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ នៅក្នុងឃ្លាំង។

នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា បានឱ្យដឹងថា សិក្ខាសាលាថ្នាក់ជាតិនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត នៃអាជ្ញាធរជាតិអាវុធគីមី ដែលបានសហការរៀបចំកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិពាក់ព័ន្ធ និងការគ្រប់គ្រងឱ្យបានត្រឹមត្រូវនូវកាកសំណល់ សារធាតុអាវុធគីមីគ្រោះថ្នាក់ ដោយមានគ្រូឧទ្ទេសនាម និងអ្នកជំនាញពី EU មកបណ្តុះបណ្តាលផ្ទាល់ ដែលចែកចេញជា៥វគ្គ។

នាយឧត្តមសេនីយ៍ បានបន្តថា ពិភពលោកបានធ្វើដំណើរទៅរកភាពរីកចម្រើន ជឿនលឿន លើគ្រប់វិស័យ ពិសេសវិស័យបច្ចេកវិទ្យា ទំនើបផ្សេងៗ បានបណ្តាលឱ្យមនុស្សត្រូវតែសម្រួល និងដើរតាមឱ្យបានទាន់។ ប៉ុន្តែសភាពការគំរាមកំហែងផ្នែកសន្តិសុខ ដែលជាប្រពៃណី និងនៅតែមានជានិច្ចដូចជា៖ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរខុសច្បាប់ គ្រោះធម្មជាតិ និងជំងឺឆ្លង អំពើភេវរកម្ម។ល។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ការគំរាមកំហែង ដែលពាក់ព័ន្ធទៅនឹងអាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ វិទ្យុសកម្ម សារធាតុគីមីពុលគ្រោះថ្នាក់ ពិសេសសារធាតុមុខ២ នៅតែជាបញ្ហាស្មុគស្មាញ និងពិបាកក្នុងការគ្រប់គ្រង និងដោះស្រាយ។ ស្របតាមការដឹកនាំ ដ៏មានប្រសិទ្ធភាព និងឈ្លាវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អាជ្ញាធរជាតិអាវុធគីមី ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ នៅឆ្នាំ២០០៦ ដែលមានតួនាទីចាំបាច់ ក្នុងការចូលប្រឡូក និងដោះស្រាយ ក៏ដូចជា ជាមជ្ឈមណ្ឌលរបស់រាជរដ្ឋាភិបាល ក្នុងការចាត់ចែង អនុវត្តភារកិច្ច CBRN ក្នុងលក្ខណៈជាតិ តំបន់ និងអន្តរជាតិនានាទាំងអស់ ដែលមានដោយចលនា WMD.៕