(ភ្នំពេញ)៖ ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា បើមិនចង់ឲ្យប្រជាពលរដ្ឋខ្មែរទៅធ្វើការនៅប្រទេសគេនោះ គ្រាន់តែបញ្ចប់កិច្ចព្រមព្រៀង ស្ដីអំពីការបញ្ជូនពលករទៅកាន់ប្រទេសនោះ ជាការស្រេចបាត់ទៅហើយ ប៉ុន្ដែត្រង់ចំណុចនេះរាជរដ្ឋាភិបាលមិនធ្វើនោះទេ ព្រោះអ្នកប៉ះពាល់ គឺពលករផ្ទាល់តែម្ដង។

សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ខិតខំប្រឹងប្រែងណាស់ដើម្បីចុះកិច្ចព្រមព្រៀងអនុញ្ញាតឲ្យពលរដ្ឋខ្មែរ អាចចេញទៅធ្វើការនៅប្រទេសគេ ប៉ុន្ដែអកុសលអ្នកប្រឆាំងមួយចំនួន ចាត់ទុកថា រាជរដ្ឋាភិបាលបញ្ជូនពលរដ្ឋខ្លួន​ឯងឲ្យទៅធ្វើខ្ញុំគេ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលដែលដឹកនាំដោយខ្ញុំ បានប្រឹងប្រែងខ្លាំងណាស់ដើម្បីចុះហត្ថលេខា រកទីផ្សារការងារឲ្យប្រជាជនកម្ពុជារបស់យើង បែរជាត្រូវទទួលបណ្ដាសាពីក្រុមប្រឆាំង [...] រាជរដ្ឋាភិបាលអាចធ្វើការ គឺលុបកិច្ចព្រមព្រៀងរវាងយើង ជាមួយនឹងប្រទេសដែលយើងនាំពលករចេញ។ ប៉ុន្ដែការធ្វើដូច្នេះអ្នកដែលទទួលផលប៉ះពាល់ គឺពលករខ្មែរតែម្ដង»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេច នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ដើម្បីទៅជួបសំណេះសំណាល ជាមួយពលករខ្មែរនៅទៅនោះ សម្ដេចនឹងលើកយកបញ្ហានេះមកជជែកគ្នាឲ្យបានច្បាស់លាស់ ដើម្បីឲ្យអ្នកទាំងអស់គ្នាបានយល់អំពីអ្វី ដែលជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា ក្នុងឱកាសនោះ សម្ដេចក៏នឹងជួបពិភាក្សាការងារជាមួយ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជេអ៊ីន (Moon Jae-In) រយៈពេល៤៥នាទីផងដែរ។ ត្រង់ចំណុចនេះ សម្ដេចសង្កត់ធ្ងន់ថា បើពលករនៅកូរ៉េមិនសប្បាយចិត្តនឹងធ្វើការនៅកូរ៉េ គ្រាន់តែសម្តេចបញ្ចប់កិច្ចព្រមព្រៀង បញ្ជូនពលករជាការស្រេចទៅហើយ។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន មិនលុបកិច្ចព្រមព្រៀងនោះទេ ព្រោះនៅពេលបញ្ចប់កិច្ចព្រមព្រៀងនេះ អ្នកដែលទទួលផលប៉ះពាល់ គឺពលករខ្លួនឯងផ្ទាល់តែម្ដង ដែលធ្លាប់តែផ្ញើថវិកាជូនក្រុមគ្រួសារនៅស្រុកកំណើត។ យ៉ាងណាមិញ អ្វីទាំងអស់នេះគ្រាន់តែជាការវិភាគជូនពលករប៉ុណ្ណោះ ហើយរាជរដ្ឋាភិបាលមិនធ្វើនោះទេ។

ផ្ទុយមកវិញ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល កំពុងប្រឹងប្រែងរកការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋ ដូចជាsស្នើឲ្យកូរ៉េខាងត្បូង និងជប៉ុន បង្កើនចំនួនកូតាសម្រាប់ពលករខ្មែរជាដើម ខណៈដែលបច្ចុប្បន្នកម្ពុជា បញ្ជូនពលករទៅកូរ៉េ កូតាកំណត់ត្រឹម៥ម៉ឺននាក់ប៉ុណ្ណោះ។ នេះជាអ្វីដែលជាការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន។

គួរជម្រាបថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង។ ក្នុងនោះ សម្ដេចក៏នឹងជួបសំណេះសំណាល សួរសុខទុក្ខពលករខ្មែរដែលកំពុងរស់នៅ និងបំពេញការងារនៅទីនោះផងដែរ។

ចំពោះដំណឹងនៃការអញ្ជើញបំពេញទស្សនកិច្ចនេះ ត្រូវបានទទួលការគាំទ្រ និងស្វាគមន៍យ៉ាងខ្លាំងពីសំណាក់ពលករខ្មែរនៅទីនោះ ដោយពួកគេបង្ហោះសារ និងវីដេអូពេញបណ្ដាញសង្គម Facebook ត្រៀមចាំទទួលស្វាគមន៍វត្តមានរបស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី។ ពួកគេចាត់ទុកថា ដំណើរទស្សនកិច្ចនេះ ផ្ដល់សារសំខាន់ខ្លាំងណាស់ និងទន្ទឹងរង់ចាំឲ្យថ្ងៃនោះឆាប់មកដល់៕