(ភ្នំពេញ)៖ យោងតាមការណែរបស់អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ និងសហការី បាននាំយកកូនឈើប្រភេទធ្នុង រាំងទឹក ទៅដាំនៅរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីឲ្យរាជធានីភ្នំពេញ ជាទីក្រុងដែលមានពណ៌បៃតង និងមានបរិស្ថានស្រស់ល្អស្អាត ក្នុងគោលបំណង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ឲ្យចូលមកទស្សនារមណីយដ្ឋានមួយនេះកាន់តែកាន់តែច្រើនឡើងថែមទៀត ជាពិសេសសម្រាប់រាជធានីភ្នំពេញតែម្តង។

នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញថា វត្តភ្នំ គឺជាបេះដូងនៃរាជធានីភ្នំពេញ និងបានសំណូមឲ្យពលរដ្ឋគ្រប់រូបចូលរួមដាំដើមឈើ និងថែទាំដើមឈើដែលបានដាំរួចឲ្យលូតលាស់ល្អ ដើម្បីទីក្រុងយើងមានសភាពបៃតងស្រស់បំព្រងរួមចំណែកទាក់ទាញទេសចរឲ្យមកកំសាន្តឲ្យបានច្រើនកុះករ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែចូលរួមដាំដើមឈើ និងថែរក្សាដើមឈើឲ្យបានល្អ ឲ្យដូចយើងស្រឡាញ់កូនចៅយើងដែរ ហើយអ្នកបំផ្លាញដើមឈើវាស្មើនឹងបំផ្លាញខ្លួនឯងដូច្នោះដែរ។

លោកបន្តថា «ដើមឈើមានសារសំខាន់ណាស់ ចំពោះជីវិត មនុស្សសត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ពិសេសជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀងសំរាប់បង្កបង្កើនផល ចិញ្ចឹមជីវិតមនុស្សលោក។ ហេតុដូចនេះហើយ យើងទាំងអស់គ្នា ដែលជាអ្នកទទួលប្រយោជន៍ពីដើមឈើនេះ គប្បីចូលរួមដាំថែរក្សាការពារ និងស្រឡាញ់ដើមឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ដល់ខ្លូនយើងផ្ទាល់ជីវិតសត្វព្រៃគ្រប់ប្រភេទ និងប្រព័ន្ធជីវៈចម្រុះផងដែរ»