(កំពង់ចាម)៖ ផ្ទះឈើមួយខ្នង ទំហំ៨ម៉ែត្រ គុណ១៦ម៉ែត្រ ត្រូវបានអគ្គិភ័យវាយប្រហារ នៅវេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុង ភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។

ស្នងការនគរបាលខេត្តកំពង់ចាម លោក ឯម កុសល បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកបានចាត់បញ្ជាឲ្យលោកស្នងការរង ទទួលចុះពង្រឹងស្រុកចំការលើ ដឹកនាំកម្លាំងជំនាញពន្លត់អគ្គិភ័យ ចុះគ្រប់គ្រងសភាពការណ៍ឆាប់ឆេះ ដោយប្រើរថយន្តអគ្គិភ័យ ចំនួន៦គ្រឿង (ខេត្ត៣គ្រឿង ចំការលើ១, ស្ទឹងត្រង់១, កំពង់សៀម១) ចេញប្រតិបត្តិជាបន្ទាន់ រហូតគ្រប់គ្រងបានទាំងស្រុង ដោយប្រើប្រាស់ទឹកអស់១៣ស៊ឺទែន។

បើតាមលោកឧត្តមសេនីយ៍ស្នងការ មូលហេតុបណ្ដាលឲ្យកើតមានអគ្គិភ័យ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី បន្ទាប់មកត្រូវឆាបឆេះរយៈពេល១ម៉ោង ទើបមានប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ច។ ដោយឡែក ទំហំនៃការខូចខាត ឆេះផ្ទះមួយខ្នង ទំហំ ៨ម៉ែត្រ គុណ១៦ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង ខូចខាតទាំងស្រុង, មាស៣តម្លឹង, ប្រាក់ដុល្លា ៥៨,០០០ដុល្លារ, គ្រឿងសង្ហារឹម និងសម្ភារមួយចំនួនទៀត។

យ៉ាងណាក៏ដោយ សម្រាប់គ្រោះថ្នាក់សង្គមមួយនេះ មិនបានបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ៕