(ភ្នំពេញ)៖ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ដែលជានាយក នាយករងរដ្ឋបាលរាជធានី-ខេត្តទាំង២៥ និងគ្រូបង្គោលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសរុបប្រមាណ ៣០នាក់ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ទទួលបានការបណ្តុះបណ្តាលបំប៉នសមត្ថភាពលើការគ្រប់គ្រងគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដោយយកតាមបទពិសោធន៍របស់ប្រទេសចិន។

ការបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និងលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធការគ្រប់គ្រងគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន សម្រាប់ចូលរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលឱ្យសម្រេចជោគជ័យប្រកបដោយប្រសិទ្ធភាព និងចីរភាព។

សិក្ខាសាលាបណ្តុះបណ្តាលត្រូវបានដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីលោក យី ហុងស៊ុន (Yi Hongxun) ប្រធានគណៈប្រតិភូមកពីវិទ្យាស្ថានជាតិគណនេយ្យសៀងហៃ ប្រទេសចិន និងត្រូវបានសហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា និង វិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍន៍អាស៊ី-ប៉ាហ្វិកទីក្រុងសៀងហៃនៃសាធារណៈរដ្ឋប្រជាមានិតចិន។

ថ្លែងនៅក្នុងពិធីនោះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានគូសបញ្ជាក់ថា កម្ពុជាកំពុងមានសេចក្តីត្រូវការចាំបាច់ក្នុងការរៀនសូត្រ និងស្វែងយល់បន្ថែមនូវឧត្តមានុវត្តន៍ និងបទពិសោធជាអន្តរជាតិ ក្នុងការអនុវត្តគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន។ ជាពិសេសលើវិស័យហេដ្ឋរចនាសម្ព័ន្ធផ្លូវ ស្ពាន ថាមពល ជាដើម សម្រាប់ចូលរួមចំណែកជួយជំរុញដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

លោក ហ៊ាន សាហ៉ីប បន្តថា ការបណ្តុះបណ្តាល និងវិក្រឹតការសមត្ថភាពធនធានមនុស្សលើយន្តការគ្រប់គ្រង រៀបចំ និងប្រតិបត្តិលើភាពជាដៃគូរវាងរដ្ឋ និងឯកជន គឺជាការងារចាំបាច់មួយ ដើម្បីឱ្យកម្ពុជាឤចនឹងពង្រីកវិសាលភាព និងធានាបានគុណភាពនៃសេវាសាធារណៈ និងការលើកកម្ពស់សុខុមាលភាពសង្គម។

លោករដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមឱ្យខិតខំយកចិត្តទុកដាក់ក្នុងការត្រងត្រាប់, ផ្លាស់ប្តូរទស្សនៈ និងគំនិតយោបល់សំខាន់ៗ សំដៅចែករំលែក និង ស្រូបយកចំណេះដឹង និង ពិសោធន៍ល្អៗ ជាធាតុចូលដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ជាពិសេស ដើម្បីចូលរួមអនុវត្តគម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជន ក្នុងក្របខណ្ឌនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ឱ្យសម្រេចជោគជ័យប្រកបដោយប្រសិទ្ធភាព និងចីរភាព តាមការគ្រោងទុក៕