(ព្រះសីហនុ)៖ លោកស្រី ម៉ែន សំអន បានជំរុញដល់អាជ្ញាធរខេត្តព្រះសីហនុ បង្កើនការយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងត្រូវផ្តល់កិច្ចសហប្រតិបត្តិការល្អ បង្ករលក្ខណៈងាយស្រួស និងជួយសម្របសម្រួលគ្រប់បែបយ៉ាង ដល់អ្នកវិនិយោគិន ដែលមានបំណងមកវិនិយោគ នៅខេត្តព្រះសីហនុ ស្របតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សាចាស់ និងបង្កើនវិនិយោគថ្មី ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជំរុញបែបនេះ នៅក្នុងពិធីសម្ពោធសណ្ឋាគារ និងមណ្ឌលកំសាន្ត ឌុនហ័ង ស្ថិតនៅក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ រសៀលថ្ងៃអាទិត្យ ៦រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ថ្លែងក្នុងឱកាសនោះ លោកស្រីបានមានប្រសាសន៍ថា សណ្ឋាគារ និងមណ្ឌលកំសាន្ត ដ៏ល្អប្រណិតនេះពិតជាសមិទ្ធផលថ្មីមួយទៀត របស់ខេត្តព្រះសីហនុ ដែលជាខេត្ដភាគនីរតី នៃប្រទេសកម្ពុជា ពោរពេញ ទៅដោយសក្តានុពលយ៉ាងខ្លាំងផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។

លោកជំទាវបានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយកត្ដិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បច្ចុប្បន្ននេះប្រទេសកម្ពុជាទទួលបាន នូវស្ថិរភាពនយោបាយ សន្ដិសុខ និងសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

សិមិទ្ធិផលថ្មីថ្ងៃនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ខេត្ត ស្របពេលដែលខេត្តព្រះសីហនុ បានសម្ពោធ បើកការ​ដ្ឋាន​សាងស​ង់​ផ្លូវ ៣៤ខ្សែ ក្រោមអធិប​តីភាព សម្តេចតេជោ ដែលជាការចាប់ផ្តើមបើកនូវទំព័រសករាជថ្មីនៃ វិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ហើយក្រុងព្រះសីហនុនឹងប្រែមុខមាត់ថ្មី ក្លាយទៅជាទីក្រុងពហុបំណងមានសុវត្ថិភាព ដែលទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ តាមរយៈ ផ្លូវថ្នល់ធំ ស្អាតទូលាយ រួមជាមួយនឹងអាគារខ្ពស់ៗ រាប់ពាន់ ដែលបានកើតឡើងព្រមៗគ្នាផងដែរ ។

លោកស្រី ម៉ែន សំអន ក៏បានថ្លែងអំណរគុណដល់ លោក គួច ចំរើន ដែលបានប្រែក្លាយពីបញ្ហាប្រឈមនានានៅក្នុងខេត្ត មកជាការអិវឌ្ឍន៍ជាបណ្តើរៗស្របតាមអនុសាសន៍របស់ សម្តេចតេជោ គឺបានប្រែក្លាយផ្លូវក្នុងក្រុងតាមបែបទំនើប ដែលនឹងបានបម្រើលើវិស័យដឹកជញ្ជូន ការធ្វើដំណើរ និងវិស័យទេសចរណ៍ដ៏សំខាន់នៅក្នុងក្រុងព្រះសីហនុនេះ ជាពិសេស គឺគោលដៅប្រែក្លាយក្រុងព្រះសីហនុដែលជាតំបន់ប៉ូលអភិវឌ្ឍ មួយដ៏សំខាន់ទៅជាទីក្រុងឆ្លាតវៃ និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ ធុរកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម ឡូជីស្ទីក និងច្រកចេញចូលអន្តរជាតិសម្រាប់ ការរស់នៅរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ ធានាបានគុណភាពខ្ពស់រឹងមាំ និងប្រើប្រាស់បានយូរអង្វែង ។

លោកស្រី ម៉ែន សំអន ក៏បានផ្តាំផ្ញើរដល់អាជ្ញាធរខេត្តព្រះសីហនុត្រូវធានាសន្តិសុខ សណ្តាប់ធ្នាប់ ត្រូវផ្តល់កិច្ចសហប្រតិបត្តិការល្អ បង្ករលក្ខណៈងាយស្រួស និងជួយសម្របសម្រួលគ្រប់បែបយ៉ាង ដល់អ្នកវិនិយោគិន ដែលមានបំណងមកវិនិយោគនៅខេត្តព្រះសីហនុ ស្របតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សាចាស់ និងបង្កើនវិនិយោគថ្មី ។

លោកស្រីក៏បានជូនពរដល់ម្ចាស់សណ្ឋាគារ និងមណ្ឌលកំសាន្តឌុនហ័ង សូមទទួលបាននូវជោគជ័យ ក្នុងអាជីវកម្មរបស់ខ្លួន និងត្រូវគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕