(កំពង់ធំ)៖ ធ្លាប់តែឮចម្រៀងភ្លេងការគេច្រៀងថា «ដាវអើយដាវដែក ដាវល្អចម្លែក ដាវដែកកំពង់ស្វាយ ផ្លែបានពីពុកស្រោមបានពីម្តាយ...» ដែលបានបង្កប់អត្ថន័យបង្ហាញពីឫទ្ធានុភាពដ៏អស្ចារ្យរបស់ដាវដែក ដែលមាប្រភពនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបច្ចុប្បន្ន ហើយបើបានដឹងពីប្រវត្តិនៃដាវដែកនេះវិញនោះ គឺរឹតតែអស្ចារ្យជាងនេះទៅទៀត។

ដើម្បីរឭកពីឫទ្ធានុភាព និងបង្ហាញឱ្យប្រជាពលរដ្ឋដែលធ្វើដំណើរការខេត្តកំពង់ធំបានឃើញច្បាស់ អាជ្ញាធរខេត្តបានសម្រេចកសាងរូបសំណាកដាវដែកកំពង់ស្វាយមួយយ៉ាងធំ ត្រង់ចំណុចច្រមុះជ្រូកកំពង់ធំ-សៀមរាប និងកំពង់ធំ-ព្រះវិហារ ក្នុងភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ។

នាថ្ងៃទី១៧ ខែវិច្ឆិកានេះ ពិធីក្រុងពាលី និងបញ្ចុះបឋមសិលា ត្រូវបានរៀបចំឡើងក្រោមវត្តមានលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកស្រី និងនិមន្តចូលរួមដោយព្រះទេពសត្ថាបារមី សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាមេគុណខេត្តកំពង់ធំព្រមទាំងមន្រ្តីរាជការកងកម្លាំងសិស្សានុសិស្ស និងពលរដ្ឋយ៉ាងច្រើនកុះករ។

លោក សុខ លូ បានឱ្យដឹងថា ក្រុមការងារនិងអ្នកជំនាញបានពិភាក្សាគ្នាហើយ សម្រេចសាងសង់រូបសំណាកដាវ ដោយមិនមានស្រោម និងចង់បង្ហាញពីរូបរាងដាវដែកកំពង់ស្វាយដ៏មានមហិទ្ធិឫទ្ធិ។

លោកបានរៀបចំពីប្រវត្តិដាវដែកកំពង់ស្វាយ និងប្រវត្តិខេត្តកំពង់ធំ៖ ចាប់ពីរវាងសតវត្សរ៍ទី១០ នៃគ្រិស្តសករាជ ខេត្តកំពង់ធំមានឈ្មោះថាស្រុកអាសន្ទុក (ពាក្យថា ស្រុក កាលពីបុរាណមានន័យថា ខេត្ត ដូចសព្វថ្ងៃ)។ ស្រុកអាសន្ទុកនេះបានបន្តប្រើប្រាស់ដល់សតវត្សរ៍ទី១៧ ពោលគឺមកដល់សម័យកណ្តាលនៃប្រវត្តិសាស្ត្រខ្មែរ។

ក្នុងរជ្ជកាលព្រះបាទចន្ទរាជា ទ្រង់បានត្រាស់បង្គាប់តែងតាំងឧកញ៉ាចៅពញាឧទ័យរាជា ធ្វើជាចៅហ្វាយស្រុកអាសន្ទុក និងជាមេទ័ពទៀតផង។ ពេលនោះ ទីប្រជុំជនស្រុកឬខេត្តដំបូងស្ថិតនៅភូមិព្រះឥន្រ្ទកុមារ ហើយក្រោយមកលើកទៅភូមិកំពង់ស្វាយវិញ (តាមដងស្ទឹងសែន)។

បន្ទាប់មកទៀត នៅក្នុងរជ្ជកាលព្រះបាទស្រីសុរិយោពណ៌ (គ.ស ១៦០៧-១៦១៨) ទ្រង់បានត្រាស់បង្គាប់តែងតាំងឧកញ៉ាតេជាបុរាជមាស ឬតេជោមាស (ឧកញ៉ាក្រហមក) ធ្វើជាចៅហ្វាយស្រុកអាសន្ទុក ឧកញ៉ាតេជោមាសក៏បានក្រាបបង្គំទូលស្នើសុំប្ដូរឈ្មោះស្រុកអាសន្ទុកមកជា «ស្រុកកំពង់ស្វាយ» វិញ។

លោក សុខ លូ បានបន្តថា ស្រុកឬខេត្តកំពង់ស្វាយនៅពេលនោះ មានព្រំប្រទល់ជាប់ដែនដីស្រុកលាវ (ប្រទេសឡាវ) ពោលគឺមានទំហំផ្ទៃដ៏ធំធេងណាស់។

ចំណែកឯប្រវត្តិដាវដែកកំពង់ស្វាយវិញ ក៏ត្រូវបានលោក សុខ លូ និទានប្រាប់ដែរថា នៅក្នុងទឹកដីនៃស្រុកកំពង់ស្វាយពីសម័យបុរាណ មានប្រជានុរាស្ត្ររស់នៅទាំងជនជាតិខ្មែរ និងជនជាតិកួយ។ ជនជាតិកួយ គឺជាពូជពង្សអ្នកស្លដែកដ៏ពូកែសម្រាប់ប្រើប្រាស់នាសម័យបុរាណ ឬផលិតជាឧបករណ៍ប្រើប្រាស់គ្រប់មុខ ឬយុទ្ធោបករណ៍យ៉ាងមានគុណភាព។

មុននឹងស្លជាដែកបាន គេត្រូវកាត់ថ្មភ្នំដែលមានរ៉ែដែកយកមកស្លក្នុងគុកចង្ក្រាន ឬហៅថាសន្លុង ក្នុងសីតុណ្ហភាពយ៉ាងតិច ៣,០០០អង្សាសេ ទើបរលាយក្លាយជាក្រាមរាវ ហើយភ្នំដែលគេស្គាល់ថ្មមានជាតិរ៉ែដែកច្រើននោះ គឺភ្នំដែក ស្ថិតនៅក្នុងស្រុករវៀង ខេត្តព្រះវិហារសព្វថ្ងៃ (អតីតដែនដីខេត្តកំពង់ស្វាយដែរ)។ អ្វី​ដែល​ពិសេស​បំផុត​នៃផលិតផលដែកនោះគឺ «ដាវ» ដែលជាអាវុធមួយប្រភេទយ៉ាងសំខាន់ សម្រាប់ប្រើប្រាស់ក្នុងសឹកសង្គ្រាមនាសម័យបុរាណ។ ការផលិតដាវដែកដោយជនជាតិកួយនៅស្រុកកំពង់ស្វាយនេះ ពិតជាមានភាពល្បីរន្ទឺខ្លាំងណាស់ ដ្បិតដែកដែលយកមកធ្វើជាដាវមានគុណភាពល្អប្រសើរណាស់។

គួរបញ្ជាក់ថា រូបសំណាកដាវដែកកំពង់ស្វាយ ដែលកំពុងសាងសង់នេះមានប្រវែង ៦.៤ម៉ែត្រ ទទឹង ០.៤៥ម៉ែត្រ កម្រាស់ខ្នងគល់ ០.៧០ម៉ែត្រ ផ្នែកគល់ដាវ ០.៣០ម៉ែត្រ ផ្នែកចុងដាវ ០.២០ម៉ែត្រ ផ្នែកមុខដាវ ០.១០ម៉ែត្រ៕