(ភ្នំពេញ)៖ តាមរបាយការណ៍ដែលអង្គភាពព័ត៌មាន Fresh News នាថ្ងៃទី១៧ ខែវិច្ឆិកានេះ បានបង្ហាញថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៩

មន្ទីរពេទ្យគន្ធបុប្ផា បានទទួលពិនិត្យ-ព្យាបាលជំងឺជូនដល់កុមារចំនួន ៨៧៥,២០៨នាក់។

ក្នុងចំណោមនោះ កុមារមានជំងឺធ្ងន់ៗមានចំនួន ១៨៨,៧៦៤នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ (កើនឡើង ១៧% បើធៀបនឹងឆ្នាំ២០១៨)។

របាយការណ៍បានបន្តថា កុមារចំនួន ៣៣,៨៥៦នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ជាមួយអត្រាមរណៈ ០.១០% (ក្នុងឆ្នាំ២០១៨ មានចំនួន ១៤,៦១៥នាក់)។

កុមារចំនួន២៣,០០០នាក់ ត្រូវបានទទួលការវះកាត់ ដូចជាវះកាត់បេះដូង និងត្បិតប្រហោងបេះដូងតាមសរសៃឈាមនៅគន្ធបុប្ផាសៀមរាប និងភ្នំពេញបានចំនួន ៨៤១នាក់។

នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ស្ត្រីមានផ្ទៃពោះចំនួន ១៤៥,២១៥នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ
នៃមន្ទីរសម្ភព និងសម្រាលកូនបានចំនួន ២៣,៨៨៤នាក់។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា៕