(ឧត្តរមានជ័យ)៖ លោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា យកទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ៩គ្រួសារ ដែលរស់នៅសង្កាត់អូរស្មាច់ ក្រុងសំរោង។

សកម្មភាពមនុស្សធម៌នេះធ្វើឡើងនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងនោះលោក ឃិន ញ៉ាណ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់គិតគូរជានិច្ចអំពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ក្មេងកំព្រា ក៏ដូចជាប្រជាពលរដ្ឋងាយរងគ្រោះផ្សេងទៀត។

ជាមួយគ្នានោះ លោក ឃិន ញ៉ាណ បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋត្រូវថែរក្សាសុខភាពឱ្យបានល្អ និងកុំមានការអស់សង្ឃឹមឱ្យសោះ ព្រោះរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន មិនទុកឱ្យប្រជាពលរដ្ឋខ្មែរណាម្នាក់ស្លាប់ដោយអត់បាយនោះទេ ទន្ទឹមនឹងនោះត្រូវខិតខំបង្កបង្កើនផលដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើងថែមទៀត៕