(ភ្នំពេញ)៖ លោក ហេង ឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម និងអ្នកនាង ចន ច័ន្ទលក្ខិណា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសម្រេចធ្វើពាក្យបណ្តឹង ប្តឹងទៅលោក អ៉ឹម ជីវ៉ា សមាជិកក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរចំនួន៣បទល្មើស។ នេះបើយោងតាមពាក្យបណ្តឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

ពាក្យបណ្តឹងដែលដាក់ជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា បទល្មើសទាំង៣ ដែលលោក ហេង ឡុង និងភរិយា ប្តឹងឈ្មោះ អ៉ឹម ជីវ៉ា រួមមាន៖ បទបរិហារកេរ្តិ៍ជាសាធារណៈ, ប្រមាថ និងគំរាមកំហែងហែកកេរ្តិ៍ មានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តាញសង្គម (Facebook) ក្នុងគណនីមានឈ្មោះ អ៉ឹម ជីវ៉ា។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ហេង ឡុង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅដឹងនៅព្រឹកថ្ងៃអាទិត្យនេះថា ពាក្យបណ្តឹងនេះ នៅមិនទាន់ទៅដល់ដៃតុលាការទេ ដោយសារជាថ្ងៃឈប់សម្រាក។ ការដាក់បណ្តឹងនេះ ដោយសារលោកចង់បានភាពយុត្តិធម៌ និងរឿងហេតុពិតប្រាកដ។

លោកបញ្ជាក់ថា៖ «អ្វីដែលយើងមិនចង់ជួប គឺគេចមិនរួច។ ខ្ញុំបានរៀបចំពាក្យបណ្ដឹងរួចរាល់ហើយ ប៉ុន្តែដោយសារថ្ងៃនេះជាថ្ងៃសៅរ៍ ទើបពាក្យបណ្ដឹងនេះមិនទាន់ទៅដល់តុលាការ។ មានតែច្បាប់ទេទើបអាចបញ្ជាក់ថា យើងជាមនុស្សបែបណា»?

លោកបន្តថា លោកគ្រាន់តែចង់បកស្រាយចំណុចសំខាន់ៗខ្លះ នៅអ្វីដែលលោក អ៉ឹម ជីវ៉ា បានផុសប៉ះពាល់កិត្តិយសលោក ក៏ដូចជាសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលជាសមាគមម្ចាស់ «មូលនិធិសិល្បៈចាស់ជរា»

លោក ហេង ឡុង អះអាងថា អ្នកដែលមានសិទ្ធិ និងកាតព្វកិច្ចមើលរបាយការណ៍ហិរញ្ញវត្ថុរបស់សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម គឺមានមនុស្សបីប្រភេទ រួមមាន៖ ១. ម្ចាស់ជំនួយ, ២. សមាជិកក្រុមប្រឹក្សាភិបាល និង៣. សាលក្រមតុលាការ។

លោកបញ្ជាក់ថា អ៉ឹម ជីវ៉ា ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរ មិនមែនជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ សមាគមមិត្តសិល្បៈជួយសង្គម ដែលជាម្ចាស់មូលនិធិឡើយ ហើយបច្ចុប្បន្ននេះក៏បានលាឈប់ហើយដែរ។ រាល់របាយការណ៍ហិរញ្ញវត្ថុ រាយការណ៍ទៅម្ចាស់ជំនួយ សុទ្ធតែភ្ជាប់ជាមួយនឹងរបាយការណ៍សវនកម្មពីខាងក្រៅ ដើម្បីធានាបានតម្លាភាព។

លោកបានដាក់សំណួរ ទៅកាន់លោក អ៉ឹម ជីវ៉ាថា «តើបងប្អូនដែលឃើញមានស្ថាប័នអង្គការ ឬសមាគមណា បង្ហោះជាសាធារណៈនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនទេ? តើប្អូនធ្វើក្នុងចេតនាអ្វីឲ្យពិតប្រាកដ?

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក អ៉ឹម ជីវ៉ា បានបង្ហោះសារ៩ចំណុច ក្នុងនោះលោកបានសំណូមពរឲ្យលោក ហេង ឡុង បកស្រាយទាក់ទងនឹងថវិកា ដែលជាចំណូលប្រចាំឆ្នាំ ដែលបានពីសប្បុរសជននានា។ លោកថែមទាំងសំណូមពរឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា ជួយរាយការណ៍ទាក់ទងទៅនឹងថិវកា ដែលបានមកពីការជួលទីស្នាក់ការចាស់ផងដែរ។

ភ្លាមៗនោះលោក ហេង ឡុង បានឲ្យមេធាវីសិក្សាផ្លូវច្បាប់ករណីលោក អ៉ឹម ជីវ៉ា បង្ហោះសារដែលលោកអះអាងថា ជាការនិយាយបរិហារកេរ្តិ៍បែបនេះ។ លោកបានស្នើឲ្យឈ្មោះ អ៉ឹម ជីវ៉ា រកភស្តុតាងនូវអ្វីដែលខ្លួនបាននិយាយ ហើយថែមទាំងព្រមានថា បើក្នុង២៤ម៉ោង បើមិនមានភស្តុតាងទេ និងមិនសុំទោសជាសាធារណៈទេ លោកដាក់ពាក្យបណ្ដឹងដើម្បីការពារភាពស្អាតស្អំ និងរកយុត្តិធម៌ជូនសមាគម។ សម្រាប់លោក អ៉ឹម ជីវ៉ា បានឆ្លើយតបថា លោកមិនចេះខ្លាចចំពោះការប្តឹងរបស់លោក ហេង ឡុង នោះឡើយ៕