(ព្រះសីហនុ)៖ ក្រោយបញ្ចប់ការអញ្ជើញសម្ពោធបើកការដ្ឋានសាងសង់ផ្លូវចំនួន ៣៤ខ្សែ នៅក្នុងក្រុងព្រះសីហនុ កាលពីព្រឹកមិញ, នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា​ បានអញ្ជើញសម្រាកលំហែកាយ មុជទឹកសមុទ្រ ព្រមទាំងបានពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមួយចំនួន នៅតាមឆ្នេរសមុទ្រលើការអភិវឌ្ឍន៍ ខេត្តទេសចរណ៍មួយនេះកាន់តែរីកចម្រើនខ្លាំងឡើង។

នៅលើ Facebook សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «សូមបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចំរើន។ ឆ្លៀតពេលមកបើកការដ្ឋានសាងសង់ផ្លូវនៅខេត្តព្រះសីហនុ ក៏ឆ្លៀតសម្រាក និងចុះមុជទឹកសមុទ្រ ព្រមទាំងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុនៅតាមឆ្នេរ សមុទ្រផងដែរ»

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏សូមអរគុណដល់បងប្អូនប្រជាជននៅក្រុងព្រះសីហនុដែលបានគាំទ្រ និងចូលរួមអនុវត្តហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ និងប្រឡាយទឹក ដែលជាគំរោងដ៏ធំសម្រាប់ជាផល់ប្រយោជន៍បងប្អូននៅខេត្តព្រះសីហនុផ្ទាល់ផង និងសម្រាប់ប្រទេសជាតិទាំងមូលផង។

កាលពីព្រឹកមិញ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ដោយសារតែបច្ចុប្បន្ននេះ ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ គឺមិនអាចប្រើប្រាស់បន្តទៀតបាន ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា ត្រូវចាប់ផ្តើមកសាងឡើងវិញទាំងអស់ ដើម្បីបំពេញតម្រូវការចាំបាច់របស់ក្រុងដែលកំពុងមានសក្តានុពល។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា ការសាងសង់ផ្លូវនេះជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជា ដោយប្រើប្រាស់ថវិការបស់រដ្ឋតាមរយៈ ក្រសួងសេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ រួមសហការជាមួយក្រសួងពាក់ព័ន្ធមួយចំនួនទៀត និងថវិការបស់ខេត្តព្រះសីហនុផ្ទាល់ តាមរយៈនយោបាយ «យកស្លឹកត្នោត ខ្ចប់ស្ករត្នោត»។ ប៉ុន្តែប្រសិនបើខេត្តមិនអាចមានលទ្ធភាពរកទុន បានគ្រប់ទេនោះ គឺរាជរដ្ឋាភិបាលនឹងទម្លាក់ថវិកាទាំងអស់តែម្តង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «សូមបញ្ជាក់ថា យើងធ្វើផ្លូវត្រឹមតែ៨៤គីឡូម៉ែត្រប៉ុណ្ណោះ ក៏ប៉ុន្តែយើងត្រូវចំណាយទុនរហូតដល់២៩៤លានដុល្លារអាមេរិក។ ហេតុអ្វីបានជាផ្លូវនេះវាថ្លៃម្ល៉េះ? យើងធ្វើរាជរដ្ឋាភិបាល មិនមែនវាយអស់សន្លឹកបៀចេញពីដៃទេ។ ប្រាក់សន្សំរបស់រាជរដ្ឋាភិបាល ដែលបញ្ចេញឲ្យខេត្តព្រះសីហនុ ១០០លានដុល្លារនេះ វាតិចតួចណាស់បើប្រៀបធៀបជាមួយប្រាក់សន្សំ ដែលរាជរដ្ឋាភិបាលមានជាសាច់ប្រាក់ ប៉ុន្តែយើងដកមានកម្រិត។ ប្រសិនបើខេត្តព្រះសីហនុ មិនអាចមានរបស់ដែលទាក់ទាញយកប្រភពទុនបាន យើងក៏ហ៊ានដាក់ទាំង៣០០លានដុល្លារមកកាន់ខេត្តព្រះសីហនុតែម្តង»