(បារាំង)៖ ទីបំផុតមេដឹកនាំឧទ្ទាម សម រង្ស៉ី នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានធ្វើមាតុភូមិនិវត្តន៍ទៅដល់ទឹកដីរបស់លោកឯប្រទេសបារាំងហើយ ក្រោយទទួលបរាជ័យយ៉ាងអាម៉ាស់ធ្ងន់ធ្ងរបំផុត ក្នុងផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលនាថ្ងៃ០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ទណ្ឌិត សម រង្ស៉ី បានប្រញាប់ប្រញាល់ចាកចេញពីប្រទេសឥណ្ឌូនេស៊ី យ៉ាងសោះកក្រោះកាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ទៅកាន់ប្រទេសសិង្ហបុរី ហើយបន្តដំណើរទៅកាន់ ប្រទេសបារាំង ជាមួយកូនចៅតែម្នាក់ប៉ុណ្ណោះគឺ លោក ម៉ែន សុថាវរិន្ទ។

ជនបរាជ័យ សម រង្ស៉ី បានបង្ហោះនៅលើ Twitter របស់ខ្លួនថា «I have landed at CDG airport in Paris, ខ្ញុំបានចុះចតនៅអាកាសយានដ្ឋាន Charles De Gaulle ទីក្រុងប៉ារីស»

មាតុភូមិនិវត្តន៍របស់ លោក សម រង្ស៉ី ទៅកាន់ប្រទេសបារាំងនេះ ត្រូវបានចំអកដោយ សម្តេចតេជោ ហ៊ុន សែន ថាធ្វើឡើងទាំងរខេករខាក រញ៉េររញ៉ៃពិបាកមើលជាងឆាវឆាវចាញ់បាក់ទ័ព នៅក្នុងរឿងសាមកុកទៀត។

នៅក្នុងឱកាសសម្ពោធបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវប្រណិតបំផុតនៅកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានចំអកថា៖ «មាតុភូមិនិវត្តន៍ ម៉េចបានយើងប្រើអញ្ចឹង គឺស្រុករបស់គេ (សម រង្ស៉ី) មិនមែនខ្មែរឯណា ស្រុករបស់គេបារាំងតើ គេធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីរដ្ឋប្រហារត្រូវបរាជ័យ»

ទណ្ឌិត សម រង្ស៉ី និងបក្ខពួក បានប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈដំណើរចូលប្រទេសកម្ពុជារបស់លោក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយធ្វើចលនាចេញពីទឹកដីថៃ ទម្លុះព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចូលមកកម្ពុជា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ប៉ុន្តែរយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកពុំបានត្រឡប់មកកាន់ប្រទេសកម្ពុជា ដូចអ្វីដែលលោកប្រកាសនោះទេ ហើយផ្ទុយទៅវិញ លោក សម រង្ស៉ី បានប្រកាសពន្យារពេលដោយមិនកំណត់ ដោយគ្រាន់តែប្រើលេសដ៏គួរឲ្យអស់សំណើចគឺសំបុត្រយន្តហោះ។

ការបរាជ័យរបស់ទណ្ឌិត សម រង្ស៉ី ត្រូវបានអ្នកគាំទ្រ និងសកម្មជនរបស់លោកវាយប្រហារយ៉ាងខ្លាំងៗ ដោយចាត់ទុកថា ជាមេដឹកនាំដែលបានតែនិយាយ តែមិនអាចធ្វើបាន ព្រមទាំងបានធ្វើឱ្យអ្នកគាំទ្រជាប់ពន្ធនាគារកាន់តែច្រើនថែមទៀតផង៕