(ព្រះសីហនុ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា ថ្វីដ្បិតភ្ញៀវទេសចរនៅខេត្តសៀមរាប-អង្គរមានការធ្លាក់ចុះ ប៉ុន្តែបើគិតនៅទូទាំងប្រទេសគឺនៅតែមានការកើនឡើង តួយ៉ាងនៅខេត្តព្រះសីហនុភ្ញៀវអន្តរជាតិបានកើនឡើងជិត ៦០ភាគរយ ហើយនៅគោលដៅទេសចរណ៍ផ្សេងទៀតក៏កើនឡើងជាបន្តបន្ទាប់ដែរ នេះបើគិតត្រឹមរយៈពេល១០ខែ នៃឆ្នាំ២០១៩។

ការថ្លែងបែបនេះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងពិធីបើកសម្ពោធការដ្ឋានសាងសង់ផ្លូវប្រណីតៗចំនួន ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ នាថ្ងៃសៅរ៍ ៥រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

នាឱកាសនោះ សម្ដេចតេជោបានថ្លែងថា «យោងតាមរបាយការណ៍របស់លោក ថោង ខុន ផ្ញើឱ្យខ្ញុំយប់មិញនេះ ទេសចរដែលមកខេត្តព្រះសីហនុ នៅរយៈពេល១០ខែ ឆ្នាំ២០១៩នេះ មាន ១,៩៤០,០០០នាក់ កើនឡើង ១០.៦២ភាគរយ ក្នុងនោះភ្ញៀវជាតិមានចំនួន ១,២០០,០០០នាក់ និងអន្តរជាតិមាន ៧៣ម៉ឺននាក់ កើនឡើងដល់ទៅ ៥៨.៦៦ភាគរយ ខណៈភ្ញៀវជាតិថយចុះជាង ៦.៥០ភាគរយ»

សម្តេចបានបន្តថា ភ្ញៀវជាតិដែលថយចុះមិនមែនស្អប់ខេត្តព្រះសីហនុនោះទេ ព្រោះបច្ចុប្បន្ន មិនមែនមានតែខេត្តព្រះសីហនុមួយដែលគេមកលេងដូចកាលពីមុននោះទេ ភ្ញៀវទេសចរក៏អាចទៅមុជទឹកនៅខេត្តកែប ខេត្តកំពត ខេត្តកោះកុង ឬទៅមុជទឹកសាបនៅខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និយាយរួមគឺគ្រប់កន្លែង។

ភ្ញៀវទេសចរភាគច្រើនមិនមែនទៅតែខេត្តព្រះសីហនុដូចមុននោះទេ គឺគេទៅខេត្តព្រះសីហនុមួយយប់ ហើយហួសទៅកែប ទៅកំពតមួយយប់ៗ ទើបត្រលប់ចូលរាជធានីភ្នំពេញវិញ។

សម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងថា កត្តាសន្តិភាព គឺបានអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរគ្រប់ទីកន្លែងទាំងអស់ គ្រានតែពេលបុណ្យអុំទូក ក្នុងថ្ងៃទី១ ប្រជាពលរដ្ឋទៅលេងគ្រប់កន្លែង នៅខាងក្រៅរាជធានីភ្នំពេញ ដល់ថ្ងៃបញ្ចប់ទើបទៅកកកុញនៅរាជធានីភ្នំពេញ ស្ទះចរាចរណ៍រហូតទៅដល់ម៉ោង ២ រំលងអធ្រាត តែមិនមែនស្ទះដោយសាររថយន្តទេ គឺស្ទះដោយសារមនុស្សច្រើនកុះករ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «ភ្ញៀវអន្តរជាតិធ្លាក់ចុះនៅខេត្តសៀមរាប ប៉ុន្តែមកកើននៅខេត្តព្រះសីហនុវិញ នៅពេលមានការលើកឡើងពីការធ្លាក់ចុះភ្ញៀវទេសចរនៅខេត្តសៀមរាប ខ្ញុំក៏បានចោទជាសំណួរថា តើទេសចររួមវាថយចុះ ឬកើនឡើង? ពេលពិនិត្យ ភ្ញៀវទេសចរកើនដល់ជាង ៥៨%»

សម្ដេចតេជោបានប្រកាសដែរថា បច្ចុប្បន្នមានជើងហោះហើរចំនួន ៥៧២ជើង កើនឡើង ១០៥% បើធៀបនឹងឆ្នាំ២០១៨។ បច្ចុប្បន្នក៏មានតម្រូវការនៃការសាងសង់ពង្រីកផ្លូវចុះចតយន្តហោះឱ្យគ្រប់ ៣២០០ម៉ែត្រផងដែរ។ អគារទាំងឡាយនៅខេត្តព្រះសីហនុ ត្រូវកសាងឱ្យរួចរាល់នៅឆ្នាំ២០២២ ប៉ុន្តែការពង្រីកផ្លូវចុះចតយន្តហោះខាងលើនេះ ត្រូវធ្វើឱ្យរួចរាល់មុនឆ្នាំ២០២២ ដែលឆ្នាំ២០២០នេះ នឹងអាចដាក់ឱ្យដំណើរការបានហើយ។

តាមរបាយការណ៍បន្ថែមបានឱ្យដឹងថា ក្នុងរយៈពេល១០ខែដូចគ្នា ជើងយន្តហោះមាន ៦,៥៧២ជើង កើនឡើង ៣.៣៦ជើង (ស្មើនឹង ១០៥.១៨%)។

បច្ចុប្បន្ន ខេត្តព្រះសីហនុមានក្រុមហ៊ុនអាកាសចរណ៍សរុប ១៧ក្រុមហ៊ុន មានជើងហោះហើរជាមធ្យម ៤៦ជើង ក្នុងមួយថ្ងៃ ក្នុងនោះ៖
* ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមានចំនួន ៥ក្រុមហ៊ុន មានជើងហោះហើរជាមធ្យម ១៤ជើង ក្នុងមួយថ្ងៃ តភ្ជាប់ទៅភ្នំពេញ និងសៀមរាប។
* ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមានចំនួន ១២ក្រុមហ៊ុន មានជើងហោះហើរជាមធ្យម ៣២ជើង ក្នុងមួយថ្ងៃ ដែលមានគោលដៅហោះហើរតភ្ជាប់ទៅប្រទេសចិន ថៃ ម៉ាឡេស៊ី វៀតណាម និងហ្វីលិពីន។

ចំណែកឯតាមនាវាទេសចរណ៍វិញមានចំនួន ៤០គ្រឿង កើនឡើង ១៣គ្រឿង ក្នុងនោះមានភ្ញៀវសរុប ៥០,៨៣១នាក់ កើនឡើង ៣៨.៩៣%៕